(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបញ្ជូនគ្រឿងបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទៅជួយប្រទេសអ៊ីតាលី ហើយបន្ទាប់មកទៀតគឺទៅប្រទេសបារាំង និងអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅឯសេតវិមានលោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ច្បាស់អំពីប្រភេទជំនួយ និងពេលវេលានោះទេ។ គ្រាន់តែលោកបានលើកឡើងថា បរិមាណដ៏ច្រើនលើសលុប នឹងត្រូវបញ្ជូនទៅជួយអ៊ីតាលី ដែលជាប្រទេសដែលមានអត្រាស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេបំផុតលើពិភពលោក។

លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងបញ្ជូនគ្រឿងបរិក្ខាពេទ្យដែលមានតម្លៃប្រមាណ ១០០លានដុល្លាអាមេរិក ទៅប្រទេសអ៊ីតាលី»។

លោក ត្រាំ បានបន្ថែមថា «តើអ្នកដឹងទេ? នាយករដ្ឋមន្ត្រីអ៊ីតាលី គឺលោក ហ្គីសេបប៉េ ខុនតេ (Giuseppe Conte) ពិតជាមានការសប្បាយចិត្តខ្លាំងណាស់ ចំពោះរឿងនេះ»។

គួរជម្រាបថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃជុំវិញភាពយឺតយ៉ាវ ក្នុងការចាត់វិធានការឆ្លើយតប ចំពោះមុខការរាតត្បាតនៃជំងឺ COVID-19 ខណៈបណ្តារដ្ឋធំៗមួយចំនួនដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺនេះ កំពុងតែប្រឈមមុខនឹងខ្វះខាត សម្ភារៈបរិក្ខាពេទ្យផងដែរ។ មកទល់នឹងម៉ោងនេះ ប្រទេសមហាអំណាចមួយនេះ បានកត់ត្រាចំនួនអ្នកឆ្លងសរុប១៦៣,៤២៩ករណី ក្នុងនោះជាង៣,០០០នាក់ស្លាប់បាត់បង់ជីវិត។

ជាមួយនឹងតួលេខចុងក្រោយនេះ ធ្វើឲ្យសហរដ្ឋអាមេរិកឈរលំដាប់ថ្នាក់ទី១ នៃបណ្តាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុត និងឈរលំដាប់ថ្នាក់ទី៤ ជាប្រទេសដែលមានអត្រាអ្នកស្លាប់ ច្រើនជាងគេបំផុតលើសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here