ខេត្តកំពត៖ សមយុទ្ធយោធារួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «សមយុទ្ធនាគមាស ២០២០» លើប្រធានបទៈ រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា នៅឯទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានបិទបញ្ចប់ហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

ពិធីបិទលំហាត់សមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណប្រជាមានិតចិន ប្រចាំកម្ពុជា។ ថ្លែងក្នុងពិធីបិទប្រតិបត្តិការសមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០២០ នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណង សាមគ្គីភាព មិត្តភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ជាពិសេសការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទៀត។ ស

ម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា លំហាត់សមយុទ្ធនេះមាស២០២០ គឺជាលំហាត់មួយដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំគាត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ ដោយសារការរៀបចំសមយុទ្ធនេះ ស្របពេលដែលបណ្ដាប្រទេសទាំងអស់ នៅលើសាកលលោកនិយាយជារួម និងនិយាយដោយឡែកប្រទេសកម្ពុជា-ចិន បាននឹងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយការរីករាលដាល នៃជំងឺផ្លូវដង្ហើម Covid-19 ដ៏ធ្ងន់ធ្ងរ។

ជាមួយគ្នានេះ លោក វ៉ាង វិន ធៀន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអនុវត្តកិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។

បើតាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការរដ្ឋានសេនាធិការចម្រុះ និងជាប្រធានក្រុមការងារដឹកនាំ សមយុទ្ធនាគមាស ២០២០ ភាគីកម្ពុជា និងលោកវរសេនីយ៍ឯកពិសេស ចាង ធី រិន (Zhang Ti Ren) ប្រធានក្រុមការងារដឹកនាំ សមយុទ្ធនាគមាស ២០២០ ភាគីកងទ័ពរំដោះប្រជាជនចិន បានគូសបញ្ជាក់ថា សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការរយះពេល ១៥ថ្ងៃកន្លងមកនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។ គួរបញ្ជាក់ថា សម្រាប់លំហាត់សមយុទ្ធនាគមាសឆ្នាំនេះ គឺជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើរួមគ្នា នៅក្នុងលើទឹកដីប្រទេសកម្ពុជា ដោយកាលពីលើកទី១ធ្វើឡើងនៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here