ភ្នំពេញ ៖ អ្វីដែលធ្វើអោយអ្នកលេងបណ្ដាញសង្គម ជាច្រើន បានលាន់មាត់សរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា ដោយសារតែពាក្យមើលងាយ របស់អ្នកដទៃ បានធ្វើអោយ ស្រ្តីឈ្មោះ ទ្រី ដាណា តស៊ូព្យាយយាម អត់ធ្មត់ ពីអ្នកលក់ខោអាវ ជជុះ ពីក្មេងកំព្រា ឪពុកម្ដាយ ទទួលបានជោគជ័យក្លាយជា ម្ចាស់ក្រុមហ៊ុន និងជាថៅកែហាងពេជ្រ ថែមទៀតផង។

តាមពិតនាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយ គ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។

មនុស្សជាច្រើនស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌ នានា ហើយនៅពេលដែលអ្នកស្រីបើក Facebook មកឃើញអ្នកជួបការលំបាក អ្នកស្រីតែងឱ្យគេជួយទាក់ទង ជួយស្វែងរកដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។

ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗ នូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញនិងមានគំនិតចេះជួយគ្នាទៅ វិញទៅមក។

អ្វីដែលធ្វើឱ្យគ្រប់គ្នាស្រលាញ់គាំទ្រនិងចូលចិត្តអ្នកស្រី ទ្រី ដាណា គឺការចែករំលែកផ្ដល់ដំបូន្មានលើអាជីវកម្មដោយគ្មានការលាក់លៀម ហើយផ្ដល់គំនិត ល្អៗ ដល់អ្នកអានជានិច្ច។

ជាក់ស្ដែងនៅលើទំព័រ Facebook របស់លោកស្រី ទ្រី ដាណា តែងបង្ហោះនូវពាក្យអប់រំនិងបទពិសោធន៍ ដែលអ្នកស្រីបានជួបប្រទះកន្លងមក ហើយវាជាការអប់រំចិត្តអ្នកអានឱ្យបានស្ងប់និងពេញចិត្តនូវអ្វីដែលខ្លួនមានផងដែរ។

ឃើញអ្នកស្រី ទ្រី ដាណា មានទ្រព្យជួយដល់ជនក្រីក្រ ឬ ធ្វើបុណ្យនានា គ្រប់គ្នាប្រហែលជាគិតថា នារីរូប ស្រស់នេះ គឺជាកូនចៅអភិជន ឬ អ្នកមានជំនួញក្នុងដៃណាម្នាក់ ដែលបន្ត មរតក មកឱ្យនាង នោះទេ។ អ្វីៗទាំងអស់នេះ មិនមែនដូចគ្រប់គ្នាគិតឡើយ លទ្ធផលដែលអ្នកនាងមានដល់សព្វថ្ងៃគឺជាការតស៊ូ ប្រឹងប្រែងរបស់នាងតាំង ពីលក់ខោអាវជជុះ ជាង១០ឆ្នាំមុន មកម្ល៉េះ។

អ្នកដែលលក់ខោអាវជជុះ នៅម្ដុំផ្សារសាំហាន់ នៅតែស្គាល់អ្នកស្រី ទ្រី ដាណា ហើយមិននឹកស្មានថា ជីវិតផ្លាស់ប្ដូរ ៣៨០ ដឺក្រេ បែបនេះឡើយ។

អ្នកស្គាល់ពីប្រវត្តិជីវិតរបស់ អ្នកស្រី ទ្រី ដាណា បានរៀបរាប់ថា លោកស្រី ទ្រី ដាណា ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ មានទីកន្លែងកំណើតនៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះមានឪពុក ឈ្មោះ ងួន ទ្រី និង អ្នកម្ដាយ ឈ្មោះ សៀង ជូរ ប៉ុន្តែលោកទាំង២បានទទួលមរណៈភាព ទៅហើយ ដោយ ជំងឺប្រចាំកាយ។

ប្រមាណជាង១០ឆ្នាំមុន ក្នុងពេល ដែលអ្នកស្រី ទ្រី ដាណា កំពុងលក់ខោអាវជជុះ ម្ដាយ ឪពុក បានស្លាប់ ចោលទាំងមិនទាន់ចូលដល់វ័យ ជរា ព្រោះ តែនាងមិនអាចរកប្រាកព្យាបាលលោកទាំង២បាន។

ទោះបីមានការឈឺចាប់នឹងការបាត់បង់មនុស្សជាទីស្រលាញ់ ប៉ុន្តែនារីចិត្តសប្បុរសរូបនេះបានក្រោកឈរឡើងវិញ តស៊ូជម្នះវាសនា ជម្នះការមើលងាយដើម្បីខិតខំរកលុយក្នុងនាមជាក្មេងកំព្រា។

ជាក្មេងកំព្រាឪពុកម្ដាយ លោកស្រី ទ្រី ដាណា បានតស៊ូយកខោអាវជជុះមកលក់ក្រោមឆត្រ មុខរោងចក្រ ដើម្បីសន្សំប្រាក់ យកមកដាក់ទុនរកស៊ីបន្តទៀត។ បន្ទាប់ពី មានប្រាក់មួយចំនួនក្នុងដៃ លោកស្រី ទ្រី ដាណា ក៏បាន ប្រថុយយកគ្រឿងសម្អាងពីគេមកលក់តាមផ្សារ។ ភាពរួសរាយ រាក់ទាក់ សម្ដីសំដៅ ប្រកបដោយទឹកដមបាន ធ្វើឱ្យលោកស្រី ទ្រី ដាណា មានម៉ូយកាន់តែច្រើនហើយក៏ប្រថុយយកគ្រឿងសម្អាងពីប្រទេសថៃ មកលក់បន្ត។

ជានារីម្នាក់ដែលមានគោលដៅធំ បានប្រឹងប្រែងយ៉ាងខ្លាំងរហូតសម្រេចក្ដីស្រមៃ បើកសម្ពោធក្រុមហ៊ុនមួយជាផ្លូវការ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ដោយដាក់ ឈ្មោះថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ សព្វថ្ងៃក្រុមហ៊ុននេះ មានអ្នកតំណាងចែកចាយប្រមាណ ៧ម៉ឺននាក់ គ្រប់ រាជធានី-ខេត្ត ទូទាំងប្រទេស កម្ពុជា។

បន្ទាប់ពីជោគជ័យ លើមុខជំនួញគ្រឿងសម្អាង អ្នកស្រី ទ្រី ដាណា ក៏បានងាកមកបើកហាងលក់គ្រឿងអលង្ការ មាស ពេជ្រ មួយទៀតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដោយដាក់ ឈ្មោះ ថា ដាណា។ សព្វថ្ងៃជំនួញថ្មីនេះកំពុង ជោគជ័យ ដើរទៅមុខ ដោយរលូននិងមានអតិថិជនគាំទ្រយ៉ាងច្រើន។

ដោយហេតុនេះហើយទើបអ្នកស្រីចាប់ផ្ដើមសាងសង់អគារផ្ទាល់ខ្លួនថ្មីមួយទៀត ដើម្បីបើកហាង ពេជ្រ ឱ្យកាន់តែធំ។

មូលហេតុដែលអ្នកស្រីងាកមកបើកហាងពេជ្រ ក៏ ព្រោះតែនៅនឹកឃើញពាក្យគេមើលងាយថា ត្រឹមលក់ដូរតូចតាចមិនអាចមានវាសនា ពាក់មាស ពេជ្រ បាន។ ពេលអ្នកស្រីជាក្មេងម្នាក់កំពុងលក់ដូរតាមផ្សារ អ្នកស្រី ធ្លាប់ទៅឈរមើលទូរតាំង មាស ពេជ្រ គេក៏ត្រូវគេដេញថា គ្មានលុយទិញទេនាំទើសផ្លូវ។

ទោះគេមើលងាយក្ដី ក៏អ្នកស្រីមិនខឹងគេដែរ តែបានយកភាពឈឺចាប់ ធ្វើជាកម្លាំងចិត្ត ដោយគិតស្រមៃថា ថ្ងៃណាមួយនឹងមានហាង ពេជ្រ មួយខ្លួនឯង មិនមែនត្រឹមតែ ទិញពាក់នោះទេ។ សព្វថ្ងៃអ្នកស្រីក៏បានសម្រេចក្ដីស្រមៃនោះហើយ។

ក្រៅពីមុខជំនួញអ្នកស្រី ទ្រី ដាណា ក៏មានចិត្តស្រលាញ់ សិល្បៈ រាំច្រៀង ដោយបានយកបទចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មានបទ ធ្វើឱ្យមានសន្ទុះអ្នកគាំទ្រខ្លាំង។ ក្រោយមកអ្នកស្រីក៏បានចេញបទ Original Song ដោយខ្លួនឯង និង Cover បទពី ដើមរបស់ លោកតា ស៊ីន ស៊ីសាមុត ខ្លះ រហូតមានអ្នកទស្សនា ដល់ទៅរាប់លានដង។ ប៉ុន្តែម្ចាស់ហាងពេជ្រ រូបនេះ បានបញ្ជាក់ហើយថា គ្រាន់តែច្រៀង ដើម្បីកម្សាន្ត អារម្មណ៍ ចែកបងប្អូន សប្បាយប៉ុណ្ណោះ មិនមែនធ្វើអាជីវកម្មទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here