ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ចំនួនពលករខ្មែរដែលមកពីប្រទេសថៃ ក្រោយប្រទេសនេះបិទច្រកព្រំដែន មានសរុបចំនួន ៤០,៣៧៤នាក់ (ស្ត្រី១៦,៧៦២នាក់) ដែលនៅរាយប៉ាយតាមបណ្ដាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា រហូតមកដល់ពេលនេះ មិនទាន់ដឹងថាសុខភាពរបស់ពលករខ្មែរ ដែលមកពីប្រទេសថៃយ៉ាងណានោះទេ ដែលសម្ដេចចាត់ទុកថា នេះជាចំណុចហានិភ័យសម្រាប់កម្ពុជា។ ឧទាហរណ៍ថា ប្រសិនមានពលករ៤-១០នាក់ ផ្ទុកជំងឺ COVID-19 ច្បាស់ណាស់នឹងចម្លងរីករាលដាលជាមិនខានឡើយ។ ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាទៅអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចាត់ទុកកន្លែង ដែលមានពលករត្រឡប់មកពីបរទេសវិញ ជាកន្លែងក្តៅ ជាគោលដៅក្តៅ ដែលត្រូវតែតាមដានយកចិត្តទុកដាក់ មើលការប្រែប្រួលសុខភាពរបស់ពលករ ព្រោះពួកគាត់អាចចម្លងទៅអ្នកដទៃច្រើនទៀត ប្រសិនបើពួកគាត់មានផ្ទុកជំងឺ។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយកឱកាសនេះ ផ្ដល់ការណែនាំទៅ ឯកឧត្តមអភិបាលរាជធានី-ខេត្ត សូមបន្ដយកចិត្តទុកដាក់ចំពោះចំណុចនេះ ហើយជាបឋម គឺត្រូវធ្វើតារាងលម្អិតថែមទៀត ដើម្បីបញ្ជាក់តាំងពីគោលដៅដែលគាត់នៅ ឈ្មោះភូមិ ឈ្មោះឃុំ ស្រុកកំណើតរបស់គាត់ឲ្យច្បាស់ ស្ថានភាពសុខភាព។ ហើយចាត់ទុកថា កន្លែងដែលមានបងប្អូនវិលត្រឡប់មកវិញ ចាប់ពីម្នាក់ទៅចាត់ទុកថា កន្លែងណុងជាគោលដៅក្ដៅ ដែលយើងត្រូវតែតាមដានយកចិត្ត ទុកដាក់ការប្រែប្រួលសុខភាពរបស់គាត់។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញតួលេខលម្អិត អំពីចំនួនពលករទាំងអស់នោះ ដែលកំពុងនៅតាមបណ្ដារាជធានី-ខេត្ត រួមមាន៖

ទី១៖ ខេត្តបាត់ដំបង់ជាង ៧,៦០០នាក់ *ទី២៖ ខេត្តកំពង់ចាមជាង ១,៨០០នាក់ *ទី៣៖ ខេត្តកំពង់ឆ្នាំង ៧៤៧នាក់ * ទី៤៖ ខេត្តកំពង់ស្ពឺ ៤២៥នាក់ * ទី៥៖ ខេត្តកំពង់ធំ ២,៨៨១នាក់ * ទី៦៖ ខេត្តកំពត ៥៨៧នាក់ * ទី៧៖ ខេត្តកណ្តាល ១,២៩១នាក់ * ទី៨៖ ខេត្តកោះកុង ១២១នាក់ * ទី៩៖ ខេត្តក្រចេះ ១៦៦នាក់ * ទី១០៖ ខេត្តមណ្ឌលគិរី ១២នាក់ * ទី១១៖ រាជធានីភ្នំពេញ ១៩៨នាក់ * ទី១២៖ ខេត្តព្រះវិហា ២៦៦នាក់ * ទី១៣៖ ខេត្តព្រៃវែង ២,១៥៦នាក់ * ទី១៤៖ ខេត្តពោធិ៍សាត់ ៩៥៥នាក់ * ទី១៥៖ ខេត្តរតនគិរី ២០នាក់ * ទី១៦៖ ខេត្តសៀមរាប ៦,៥៨២នាក់ * ទី១៧៖ ខេត្តព្រះសីហនុ ១០២នាក់ * ទី១៨៖ ខេត្តស្ទឹងត្រែង ៨២នាក់ * ទី១៩៖ ខេត្តស្វាយរៀង ៣៣៥នាក់ * ទី២០៖ ខេត្តតាកែវ ១,១១៣នាក់ * ទី២១៖ ខេត្តឧត្តរមានជ័យ ៦៥៩នាក់ * ទី២២៖ ខេត្តកែប ៤០នាក់ * ទី២៣៖ ខេត្តប៉ៃលិន ៣០៥នាក់ * ទី២៤៖ ខេត្តត្បូងឃ្មុំ ១,៤៩២នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស៧៣នាក់។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ៩៨នាក់នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន ១១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here