(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ចិន និងសហរដ្ឋអាមេរិក គួរតែ «រួមដៃគ្នា» ដើម្បីប្រយុទ្ធជាមួយ COVID-19 ដែលកំពុងរាតត្បាត និងសម្លាប់ជីវិត មនុស្សរាប់ម៉ឺននាក់ នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ កំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ស្តីអំពីស្ថានការណ៍នៃជំងឺរាតត្បាត COVID-19 ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ និងចំពេលដែលប្រទេសទាំងពីរ ឈ្លោះប្រកែកគ្នា អស់រយៈពេលជាច្រើនសប្ដាហ៍ហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការបិទបាំងព័ត៌មាន ក៏ដូចជាប្រភពដើមនៃវីរុសកូរ៉ូណាថ្មី។ យ៉ាងណាក៏ដោយ លោក ស៊ី បានប្រាប់លោក ត្រាំ ថាចិនសង្ឃឹមថាអាចនឹងបន្តចែករំលែកព័ត៌មានទាំងឡាយ រួមទាំងបទពិសោធន៍ជាមួយសហរដ្ឋអាមេរិក ហើយក៏រំពឹងដែរថា ប្រទេសទាំងពីរអាចរួមដៃគ្នា កម្ចាត់ COVID-19។

គួរជម្រាបថា គិតត្រឹមថ្ងៃសុក្រនេះ សហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លង COVID-19 សរុបកើនដល់ជាង ៨៣,៥០០ករណី ដោយវាជាចំនួនលើសប្រទេសចិន ដែលមាន ករណីឆ្លងសរុប ៨១,៧៨២ករណី និងអ៉ីតាលី ៨០,៥៨៩ករណីនោះទៅទៀត។ ចំណែកឯ អ្នកជំងឺ ១,២០០នាក់ បានបាត់បង់ជីវិត នៅទូទាំងសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here