ភ្នំពេញ៖យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបង្ហាញជាសាធារណៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ គឺ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួននារីម្នាក់ ដែលប្រកាសលក់ថ្នាំសម្លាប់មេរោគកូវីដ១៩ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទី កម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានសហការជាមួយអធិការដ្ឋានបឹងកេងកង ដោយមានការអនុញ្ញាតពីអយ្យការអមសាលារាជធានីភ្នំពេញ បានអញ្ជើញឈ្មោះ កង សម្បត្តិនី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២៨ ផ្លូវ៤៣០ ក្រុមទី២ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញមុខរបរ អាជីវកម្មអនឡាញ ពាក់ព័ន្ធករណី ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និង គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល មកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ។

សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឈ្មោះ កង សម្បត្តិនី បានប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Eva Cambodia ដើម្បីបង្ហោះលក់ថ្នាំ Chloramine B ជាសាធារណ:នៅក្នុងបណ្ដាយសង្គមហ្វេសប៊ុក ។ ប៉ុន្ដែ ឈ្មោះ កង សម្បត្តិនី មិនបានបញ្ជាទិញពីបរទេសមកនោះទេ ដោយសារ ខ្លួនមិនទាន់ស្នើសុំសិទ្ធិពីក្រសួងសុខាភិបាល ហើយក៏មិនទាន់មានអតិថិជនបញ្ជាទិញនៅឡើយដែរ ។

រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ទើបឈ្មោះ កង សម្បត្តិនី បានឃើញទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថាថ្នាំដែលខ្លួនបានបង្ហោះក្នុងហ្វេសប៊ុស Eva Cambodia នោះមិនបានចុះបញ្ជីត្រឹមត្រូវនោះទេ ។

បច្ចុប្បន្នក្រោយពីធ្វើការសារភាព និង ទទួលការសិក្សាអប់រំ ព្រមានពីមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចមក , ឈ្មោះ កង សម្បត្តិនី ត្រូវបានឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អោយធ្វើកិច្ចសន្យានិងមានការធានាពីបងស្រី និងបានត្រឡប់អោយទៅលំនៅដ្ឋានវិញ តែត្រូវស្ថិតនៅក្នុងការ ឃ្លាំមើលរបស់សមត្ថកិច្ច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here