អតីតនាយទាហាន សមាហរណកម្ម សូមសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយ ដីទំនាស់ចំនួន៩៧ហិកតា និងដីសហគមន៍ ជាមួយដីលោក លី អ៊ុតនី ព្រោះតុលការសម្រេចតម្តល់មិនចាត់ការជាច្រើកលើកមកហើយ ប៉ុន្តែឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅតែទាញយកមកដោះស្រាយ

ខេត្តបន្ទាយមានជ័យ ៖ បញ្ហាករណីទំនាស់ដីធ្លី គឺនៅតែជាចំណុចក្តៅគគុក ដែលត្រូវដោះស្រាយអោយបានត្រឹមត្រូវ និងយុត្តិធម៌ ជាទីបំផុត បើមិនដូច្នេះទេ បញ្ហានេះនឹងធ្វើអោយមានជនរងគ្រោះ ព្រោះតែការ លោភលន់ ចង់បានរបស់ជនខិលខូចមួយចំនួនតូចនោះ ជាក់ស្តែងដូចជាករណី ទំនាស់ដីធ្លី នៅចំណុចបឹង៧៥ ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានតុលាការ ចេញដីកាតម្កល់រឿងទុកឥតចាត់ការ ជាច្រើនលើក ច្រើនសារក៏ដោយ គឺរហូតដល់ទៅចំនួន០៦លើករួចមកហើយ។

សំណុំរឿងវិវាទដីធ្លីរវាងលោក លី អ៊ុតនី និងលោក គង់ ជា ស្ថិតនៅភូមិ អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាសម្រេច និងដីកាតម្កល់រឿងទុកឥតចាត់ការជាបន្តបន្ទាប់មានដូចខាងក្រោម ៖

. ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ៤៦២ អ.យ.គ ចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩។
. ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ១៧២ អ.យ.ឃ ចុះថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៩៣២ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០។
. ដីកាសម្រេច ១៦០ ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
. ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ៤៨០ អយង ចុះថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៥៥ ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០។ និងដីកាតម្តល់រឿងមិនចាត់ការចំនួន០២លើកផ្សេងទៀត។

ក្នុងករណីចុះទៅនេះផងដែរ ឯកឧត្តម ក៏ធ្លាប់បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ថា ៖ “របាយការណ៍ដែលដាក់មក ខ្ញុំស្ទើរតែមិនមើលទៀតផង ព្រោះខ្ញុំអាងលើជើង២ របស់ខ្ញុំចុះទៅធ្វើ។ ហើយរហូតមកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ក៏បានថ្លែងបន្តនៅក្នុងកិច្ចប្រជុំ ថា ការដោះស្រាយដីទំនាស់ដ៏ររ៉ាំរ៉ៃជាច្រើនឆ្នាំចំនួន ៩៧ហិកតា នេះ គឺដោះតាមនយោបាយឈ្នះឈ្នះ ក្រៅ​ប្រព័ន្ធ ហើយក្រុមការងារយើងខ្ញុំមិនមែនលូកដៃ ទៅលើការងារតុលការទេ និងទី១។ ទី២ មិនមែនទាញរឿងពី តុលការមកធ្វើទេ។ គ្រាន់តែជាការជូនដំណឹងដល់ប្រជាពលរដ្ឋ ដល់សាធារណៈជនដែលមានទីតាំង នៅលើដីវិវាទ ដែលកំពុងដោះស្រាយ”។

ប៉ុន្តែទោះបីជាមានការ តម្តល់សំណុំរឿង មិនចាត់ការ ជាច្រើនលើកមកហើយនោះ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ធ្វើការដោះស្រាយករណីទំនាស់ដីធ្លីរវាងឈ្មោះ លី អ៊ុតនី(មរណៈភាព)ជាមួយឈ្មោះ ព្រាប សារុន ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយបំពាន លើការសម្រេចរបស់តុលាការ ខេត្តបន្ទាយមានជ័យ។

ដីទំនាស់ដ៏ររ៉ាំរ៉ៃជាច្រើនឆ្នាំចំនួន ៩៧ហិកតា រវាងឈ្មោះ លី អ៊ុតនី(មរណៈភាព) ជាមួយឈ្មោះ ព្រាប សារុន និងប្រជាពលរដ្ឋពាក់ព័ន្ធ ដែលមានទីតាំងស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី រួមជាមួយលោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារចម្រុះខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះធ្វើការដោះស្រាយជូន នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះតទៅរហូតដល់ថ្ងៃទី១១ មករា ក្រុមការងារ នឹងចុះធ្វើការទទួលចុះឈ្មោះរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ករណីឈ្មោះ លី អ៊ុតនី (មរណៈភាព) និងឈ្មោះ ព្រាប សារុន។ ដូច្នេះហើយសូមបងប្អូនដែលមានការពាក់ពន្ធ័ទីតាំងដែលបានជម្រាបនេះ សូមអញ្ជើញចូលរួមចុះឈ្មោះពិនិត្យផ្ទៀងផ្ទាត់ និងដោះស្រាយជាមួយក្រុមការងារ បើហួសពីថ្ងៃទី១១ ខែមករា ក្រុមការងារ នឹងមិនទទួលស្គាល់ឡើយ។

ចំណែកលោក ទឹម ម៉ន មេឃុំទួលពង្រ ក៏បានទទួលស្គាលថា រឿងដីជម្លោះ រវាងដីលោក គង់ ជា និងដី លោក លី អ៊ុតនី នៅភូមិសាស្រ្ត អុងម៉ុង ស្ថិតក្នុងភូមិអូអំពិល ឃុំទួលពង្រ ស្រុកម៉ាលៃ ខេត្តបន្ទាយមានជ័យ គឺជាដីរបស់លោក គង់ ជា ពិតប្រាកដមែន។

ក្នុងរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះផងដែរ ប្រជាពលរដ្ឋ ហាក់មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាតំណាងភាគី លោក លី អ៊ុតនី នៅតែយកឈ្មោះ បុគ្គលដែលមិនជាប់ពាក់ព័ន្ធ ជាមួយទំនាស់ យកមកប្រើ ម្តងហើយម្តងទៀត។

សូមបញ្ជាក់ដែរថា លោកតា គង់ ជា បានធ្វើការសន្និសីទកាសែតមួយនៅភ្នំពេញកាលពី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយបានសូមលើកដៃសំពះសុំអង្វរដល់ សម្តេចតេជោ ហ៊ុន សែន ជួយកូនចៅប្រជាពលរដ្ឋក្នុងសហគមន៍ភូមិ អូរអំពិលស្រុកម៉ាឡៃរបស់លោកតាលើផ្ទៃដី៩៧ហិកតាដែលជាកម្ម សិទ្ធរបស់ក្រុមគ្រួសាររបស់លោកតា និង ប្រជាពលរដ្ឋជាង១ពាន់ គ្រួសារសហគមន៍ កំពុងរស់នៅបច្ចុប្បន្ន។ លោកតាឡើងមកភ្នំពេញ ទាំងមានជម្ងឺប្រចាំកាយផងនិងឈឺជើងដើរមិនរួចឡើយ តែព្យាយាម ឡើងមកភ្នំពេញដើម្បីសុំក្តីមេត្តាពីសម្តេចតេជោ ហ៊ុន សែន ជួយរក យុត្តិធម៌និងជួយប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ដែលកំពុងរស់នៅ ក្នុងភាពព្រួយបារម្ភ ពីការឆែកឆាយទន្ទ្រានដីរបស់ពួកគាត់ បើ ទោះបីជាកន្លងមកទាំងអាជ្ញាធរ មន្ត្រីគ្រប់លំដាប់ថ្នាក់បានដឹងលឺ ទទួលស្គាល់ ពួកគាត់យ៉ាងណាក៏ដោយ ក៏លោកតានៅតែជួបពាក្យ បណ្ដឹងពីភាគីជាប់របងដីគា្ន ចេះតែបន្តប្តឹងទៀតមិនឈប់ឈរ និងបើ កូនចៅឈូសចូលដល់ដីកម្មសិទ្ធរបស់លោកតា និង សហគមន៍ផង ដែរ។

លោកតា គង់ ជា បានថ្លែងថា កន្លងមកតុលាការបានច្រានពាក្យ បណ្ដឹងរបស់ភាគីម្ខាងទៀត មិនចាត់ការព្រោះពាក្យបណ្ដឹងមិន គ្រប់គ្រាន់អង្គហេតុនិងមានមូលហេតុត្រឹមត្រូវ តែភាគីជាប់របងនេះ នៅតែបន្តប្តឹងលោកតាទៀត ខណៈសាលាដំបូងខេត្ត បន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាសម្រេច និង ដីកាតម្កល់រឿងទុកឥតចាត់ការចំនួនបួនដងរួចមកហើយ។

លោកតា គង់ ជា ដែលមានអាយុ៦៤ឆ្នាំដែលជាអតីតយោធិនព្រម ចូលបំរើរាជរដ្ឋាភិបាលនិងដើរតាមមាគាររបស់សម្តេចតេជោ ហ៊ុន សែន បាននិយាយទៀតថា លោកតាសុំនៅជីវិតចុងក្រោយរបស់ លោកតាគឺសុំតែដី៩៧ហិកតាចុងក្រោយរបស់លោកតា ដែលបានចែកជូនប្រជាពលរដ្ឋ ប្រែក្លាយជាតំបន់មួយ ដែលមានពលរដ្ឋរស់នៅចំនួនប្រមាណជាង១០០០គ្រួសារ និងបានក្លាយទៅជាសហគមន៍ មាកសាលារៀន មានបណ្តាញលូ បង្ហូរទឹក មានផ្លូវថ្លល់ ឆ្លងកាត់ខ្វាត់ខ្វែង អោយនៅស្ថិតស្ថេរ និងសុំសុខសុវត្ថិភាព មិនចង់ជួបរឿង រំលោភបំពានគ្នាឡើយ។

លោកតាតំណាង អោយសហគមន៍ ភូមិ អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាង១ពាន់ គ្រួសារ សុំលើកដៃសំពះ សុំសម្តេចតេជោ ជួយដល់កូនចៅ ព្រោះ ប្រជាពលរដ្ឋក្នុងសហគមន៍ និងរួមទាំងក្រុមគ្រួសារសាច់ញាត្តិរបស់ លោកទាំងអស់ សុទ្ធតែកូនចៅរបស់សម្តេចតេជោ ហ៊ុន សែន គោរពច្បាប់ និងអនុវត្តន៍ច្បាប់។

កាលពីពេលថ្មីៗនេះផងដែរ លោកតា គង់ ជា បាដាក់លិខិតជូនសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ផ្តល់យុត្តិធម៌ ពាក់ព័ន្ធបញ្ហាដីធ្លី ស្ថិតនៅភូមិអូរអំពិល ឃុះទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយបានដាក់ជូនដល់ទីស្តីការគណៈរដ្ឋមន្រ្តី រួចរាល់ហើយ ហើយលោកតា កំពុងរង់ចាំសេចក្តីសម្រេចដ៏ខ្ពង់ខ្ពង់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់។

ក្នុងលិខិដាក់ជូនសម្តេច បានអោយដឹងថា ៖”ខ្ញុំបាទសូមគោរពជម្រាបជូន សម្តេចតេជោ ជាទីគោរពដ៏ ខ្ពង់ខ្ពស់មេត្តាជ្រាបថា : ទីតាំងដីទំហំប្រមាណ ៩៧ ហិកតា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ជាដីអតីតគ្រប់គ្រងដោយអង្គភាពកងពលលេខ ៤៥០ យោធាខ្មែរក្រហម ហើយក្រោយពីសមាហរណកម្ម យើងខ្ញុំបានទទួលរបបដីខាងលើដោយមានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងអាស្រ័យផលលើដីខាងលើជាដរាបត រៀងមករហូតដល់មានពាក្យបណ្ដឹងតវ៉ាជាបន្តបន្ទាប់ពីភាគី លោក លី អ៊ុតនី តែត្រូវបានតុលាការសាលាដំបូងខេត្ត បន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាតម្កល់រឿងទុកឥតចាត់ការលើពាក្យបណ្ដឹងរបស់ភាគី លោក លី អ៊ុតនី ជាបន្តបន្ទាប់ដូចមានដីកាសម្រេចគោរពជូនជ្រាបក្នុងយោងខាងលើ ។លុះក្រោយពី លោក លី អ៊ុតនី បាន ស្លាប់ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ មក ស្រាប់តែកូនប្រុសលោក លឺ អ៊ុតនី បានប្តឹងទៅអាជ្ញាធរខេត្តឲ្យសើរើទាមទារ ដីដែលភាគីខាងឪពុកខ្លួន ( លី អ៊ុតនី ) តែងតែប្ដឹងភាគីខ្ញុំបាទ ហើយត្រូវបានតុលាការសាលាដំបូង ខេត្តបន្ទាយមាន ជ័យ និងសាលាឧទ្ទរណ៍ភ្នំពេញ តម្កល់រឿងទុកឥតចាត់ការជាបន្តបន្ទាប់លើបណ្ដឹងរបស់ឪពុកខ្លួន ( លី អ៊ុតនី ) នោះ ឡើងវិញទាំងបំពានលើដីកាសម្រេចរបស់តុលាការ។

សម្ដេចរតជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដីទំហំ៩៧ហិកតា ស្ថិតនៅភូមិសាស្ត្រអុងម៉ុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺខ្ញុំបាទទទួលបានយុត្តិធម៌កើតចេញពីដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ ពីសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញជាបន្តបន្ទាប់ ហើយខ្ញុំបាទក៏បានបែងចែកជូនប្រជាជនក្រីក្រប្រមាណជាង ១០០០ គ្រួសារ មករស់នៅលើផ្ទៃដីទំហំ ៩៧ហិកតា ខាងលើ ហើយយើងខ្ញុំទាំងអស់គ្នាបានរៀបចំកសាងរួចរាល់នូវ ផ្លូវថ្នល់ សាលារៀន និងស្រះទឹក សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍សាធារណ:ក្នុងសហគមន៍យើងខ្ញុំ (ដូចមានក្នុងរូបភាពគោរពជូន ភ្ជាប់ខាងលើ យើងខ្ញុំមិនបានទៅរំលោភបំពានលើដីធ្លីអ្នកដទៃនោះឡើយ ដោយយើងខ្ញុំទាំងអស់គ្នាគ្រប់គ្រង អាស្រ័យផលតែក្នុងទីតាំងដីដែលទទួលបានតាមដីកាសម្រេចពីស្ថាប័នតុលាការតែប៉ុណ្ណោះ ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេចតេជោជាទីគោរពមេត្តាផ្តល់យុត្តិធម៌ដល់យើង ខ្ញុំទាំងអស់គ្នាបានគ្រប់គ្រងអាស្រ័យផលលើដីខាងលើ ស្របតាមផ្លូវច្បាប់ដោយក្តីមេត្តាអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត ។ សូម សម្ដេចតេជោ មេត្តាទទួលនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំ។

ពាក់នឹងករណីទំនាស់ ដីធ្លីដ៏រ៉ារ៉ៃខាងលើនេះ បណ្តាលសារព័ត៌មានយើង មិនអាចសុំការបកស្រាយ បំភ្លឺបន្ថែមបានទេ ពីសំណាក់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី បានទេ ដោយគ្មានលេខទូរស័ព្ទ ទាក់ទង៕