សូមសរសើរ! ហាងកាហ្វេម្លប់ជ្រៃបឹងត្របែក បង្កប់ល្បែងភ្នាល់បាល់តាមអនឡាញ បិទទ្វារមួយរយៈក្រោយសមត្ថកិច្ចចុះចាប់ម្តង នឹងជំងឺកូវីដ-១៩ថមថយ ឥឡូវបើកដំណើរការវិញហើយ

ភ្នំពេញ ៖ ទីតាំងហាងកាហ្វេយីហោ ម្លប់ជ្រៃ បង្កប់ល្បែងស៊ីសង ស្ថិតនៅតាមបណ្ដោយផ្លូវ៤៧៤ កែងផ្លូវ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានបិទទ្វារមួយរយៈក្រោយសមត្ថកិច្ចចុះចាប់ម្តង ឥឡូវបើកដំណើរការវិញហើយ។

ជាក់ស្ដែង ហាងកាហ្វេមួយនេះមិនបំរើសេវាភេសជ្ជៈ នោះទេ តែបែរជាមានមនុស្សទៅអង្គុយពីមុខ ឬពីចំហៀងនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃបាន ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ទាល់តែសោះ ..? ដូច្នេះហើយ ពលរដ្ឋទទូចស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន ជួយបើកការស្រាវជ្រាវ ឆ្មក់បង្ក្រាបទីតាំងខាងលើនេះផង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងដើម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសង សំណូមពរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន គួរមានវិធានការចំពោះទីតាំងនេះផង។

គួររំលឹកថាកន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

នាពេលកន្លងមកសម្ដេច ក្រឡាហោម ស ខេង ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕