ក្រោយផ្អាកមួយរយៈពេល សង្វៀនជល់មាន់នៅផ្លូវសេះ ស ចាប់ផ្ដើមបើកដំណើរវិញហើយ

ភ្នំពេញ ៖ បន្ទាប់ពីឈប់លេងមួយរយៈខ្លី ពេលនេះសង្វៀនជល់មាន់នៅផ្លូវសេះ ស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ បើកដំណើរការវិញហើយ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

ទីតាំងសង្វៀនជល់មាន់នៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានលោក ឯម ភារី ជាមេប៉ុស្តិ៍ និង លោក ម៉េង វិមានតារា ជាអធិការ គេសង្កេតឃើញថា ជាទីតាំងមាន់ជល់ដ៏អស្ចារ្យមួយនេះ អាចមានអ្នកធំនៅចាំកាងពីក្រោយហើយមើលទៅ បានជាបើកលេងជាច្រើនឆ្នាំមកហើយសមត្ថកិច្ចនៅតែមិនអាចបិទសង្វៀនមាន់ជល់នេះទៀត។ ហើយរយៈពេលកន្លងមក គេសង្កេតឃើញថា សមត្ថកិច្ច បានត្រឹមចុះបង្រ្កាបគ្រាន់តែល្អមើល ហាក់បីដូចជាលេងឆាកល្ខោន ព្រោះសង្វៀនមាន់មួយនេះបិទមិនដែលបានយូរនោះទេ។

ប្រជាពលរដ្ឋបានរាយការណ៍បានឲ្យដឹងថា ទីតាំងសង្វៀនមាន់ជល់ មួយនេះ បច្ចុប្បន្នមាន ឈ្មោះ ម៉ាប់ ជាអ្នកគ្រប់គ្រង ហើយគេមិនបានដឹងច្បាស់នោះទេ ថា តើលោក ធំ ណាជាអ្នកនៅពីខាងក្រោយ ល្បែងស៊ីសង មួយនេះ ទើបហ៊ានផ្គើននិងគោលនយោបាយទាំង៩ចំណុច ដើម្បីភូមិឃុំ មានសុវត្ថិភាព របស់ថ្នាក់ដឹកនាំបែបនេះ។ យើងដឹងហើយថាករណីចោរលួច ឆក់និងប្លន់ ក៏វាមានប្រភពកើតចេញពីល្បែងស៊ីសងផងដែរ។

មហាជនបាន លើកឡើងថា តើបញ្ហាល្បែងជល់មាន់ នៅភូមិដំណាក់ធំ៣ បើកហើយបិទ បិទហើយបើកនេះមកពីសមត្ថកិច្ចអសមត្ថភាព ឬ ក៏ត្រូវដងត្រូវផ្លែគ្នា ទើបគេសង្កេតឃើញថា ទីតាំងជល់មាន់មួយនេះបិទមិនដែរបានយូរ។

ពាក់ព័ន្ធនិងបញ្ហានេះ តើឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលជ្រាបដែរទេ? ហើយតើឯកឧត្តមស្នងការ នឹងចាត់វិធានការណ៍យ៉ាងណាចំពោះទីតាំងខាងលើនេះ?។

ជុំវិញបញ្ហាមួយនេះយើងមិនអាចសុំការបំភ្លឺពីលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បាននោះទេ ដោយខលចូលហើយបែរចុចបិទ។ រីឯលោកវរសេនីយ៍ឯក ម៉េង វិមានតារា ខលចូលដែរ តែគ្មានអ្នកទទួល៕