អាជ្ញាធរខណ្ឌ៧មករាទៅលបចាប់ ម្ចាស់ទីតាំងល្បែងហ្គែមបាញ់ត្រី កណ្ដាលផ្សារស៊ីធីម៉ល ដែលមានថៅកែជាជនជាតិ ប៉ុន្តែហាក់ដូចជាធ្លាយរឿងថា មានអ្នករត់ការដោះលែងតាំងពីពេលចាប់ខ្លួនភ្លាមៗ

ភ្នំពេញ ៖ ស្ងាត់ៗ អាជ្ញាធរខណ្ឌ៧មករាទៅលបចាប់ ទីតាំងល្បែងហ្គែមបាញ់ត្រីយ៉ាងចំហដ៏ធំកណ្ដាលផ្សារស៊ីធីម៉ល ដោយខុសច្បាប់ និងបទបញ្ជាសម្ដេចតេជោ ក្នុងការទប់ស្កាត់ជំងឺកូវីដ ដែលមានថៅកែជនជាតិចិន ដ៏មានអំណាចកំពូល នៅចំណុចជាន់ទី២ នៃផ្សារស៊ីធីម៉ល ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

ប្រភពពីសមត្ថកិច្ចតូចតាចនៅក្នុងខណ្ឌ៧មករា បានឲ្យអ្នកសាព័ត៌មានដឹងថា រឿងចុះបង្ក្រាបទីតាំងខាងលើនេះ គឺលោក លឹម សុភា ជាអភិបាលខណ្ឌ លោក ណេត ស៊ីថុន ជាអធិការខណ្ឌ និងលោក គ្រេត សក្ខរីន ជាអធិការងទទួលផ្នែកព្រហ្មទណ្ឌ មិនឲ្យទម្លាយព័ត៌មាននោះទេ ព្រោះខ្លាចថ្នាក់លើ ជាពិសេសសម្ដេចតេជោជ្រាប រឿងមន្ត្រីធំៗក្នុងខណ្ឌហ៊ានបើកភ្លើងខៀវឲ្យមានការបើកបនល្បែងស៊ីសង ប្រឆាំងបទបញ្ជា និងវិធាន ៣កុំ ៣ការពារ របស់សម្ដេច។

ប្រភពបន្ថែមថា សូម្បីតែថៅកែជនជាតិចិនមានឈ្មោះអ្វីក៏មិនត្រូវគេដាក់ក្នុងរបាយការណ៍ដែរ ដោយសរសេរតែឈ្មោះខ្មែរជាអ្នកចូលលេងបាញ់ទៅថ្នាក់លើ និងតុលាការ។

សមត្ថកិច្ចថ្នាក់ក្រោម ដែលមានឋានៈតូចតាច បានបញ្ជាក់ថា ថៅកែជនជាតិចិនទំនងជាគ្មានវាសនាជាប់គុកនោះទេ ព្រោះជនល្មើសរូបនេះមានអ្នករត់ការឲ្យតុលាការដោះលែងតាំងពីពេលចាប់ខ្លួនភ្លាមៗឯណោះ។

ជុំវិញរឿងនេះ សម្ថកិច្ចខណ្ឌ៧មករា ដែលដឹកជនសង្ស័យទៅតុលាការបានខ្សិបថា លោក កុល កំពូល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកចាត់ការ និងសម្រេចថា ដោះលែង ឬដាក់គុក? ថៅកែចិនដែលទទួលភ្លើងខៀវពីមន្ត្រីមូលដ្ឋានហ៊ានល្មើសច្បាប់កម្ពុជា និងហ៊ានប្រឆាំងជាមួយវិធានការរបស់សម្តេចតេជោ ក្នុងការទប់ស្កាត់ជំងឺកូវីដ។

មហាជនកំពុងតែរច់ចាំមើលថាការអនុវត្តរបស់មន្រ្តីថ្នាក់ក្រោម នឹងមានប្រសិទ្ធកម្រិតណា ខណៈដែលប្រមុខរាជរដ្ឋាភិបាលលោកខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចពីការនឿយហត់៕