តោះមកមើលពីរបៀបដែលអាម៉េរិកបង្កើតការកុហកថ្មី

ទីភ្នាក់ចារកម្មអាម៉េរិកនឹងចេញរបាយការណ៍មួយអំពីប្រភពដើមនៃមេរោគកូរ៉ូណា នៅពេលអំឡុងរយៈពេល៩០ថ្ងៃនៃកាលផុតកំណត់ឈានមកដល់ក្នុងរយៈពេលពីរថ្ងៃទៀត។ ប៉ុន្តែថាតើរបាយការណ៍នោះនឹងមានភាពគួរឱ្យជឿទុកចិត្តបានដែរឬយ៉ាងណា គឺ នៅតែជាមន្ទិល។

តើទីភ្នាក់ងារចារកម្មអាម៉េរិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលយកបេសកកម្មបែបនេះដែរឬទេ? ចម្លើយគឺថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ បើទោះជាពិភពលោកជឿថារចនាសម្ព័ន្ធចារកម្មអាម៉េរិកមានអនុភាពខ្លាំងក៏ដោយ។

ការស្វែងរកប្រភពដើមគឺជាបេសកកម្មដែលគួរតែជាការងាររបស់អ្នកវិទ្យាសាស្ត្រ។ នៅពេលដែលអ្នកវិទ្យាសាស្ត្រភាគច្រើននៅជុំវិញពិភពលោកជឿថា វីរុសកូរ៉ូណាហាក់ឆ្លងពីសត្វមកមនុស្ស វាជារឿងគួរឱ្យហួសចិត្តដែលប្រធានាធិបតីអាម៉េរិកចូ បៃដិនបញ្ជាឱ្យទីភ្នាក់ងារចារកម្មស៊ើបអង្កេតប្រភពដើមនៃជំងឺ។

ប៉ុន្តែតាមទស្សនៈផ្សេងទៀត វាជារឿងដែលអាចយល់បានដែលថារដ្ឋាភិបាលចូបៃដិនគួរតែធ្វើដូច្នេះ ពីព្រោះការស្វែងរកប្រភពនៃជំងឺមិនដែលត្រូវបានពិចារណាដោយក្រុងវ៉ាស៊ីនតោនជាបញ្ហាវិទ្យាសាស្ត្រនោះឡើយ។ ផ្ទុយទៅវិញ ក្រុងវ៉ាស៊ីនតោនបានចាត់ទុករឿងនេះជាបេសកកម្មនយោបាយជាយូរយារណាស់មកហើយ។

ដើម្បីឱ្យជាក់ច្បាស់ រឿងនេះបានក្លាយបេសកកម្មដើម្បីប្រឌិតភស្តុតាងដែលចោទប្រកាន់វិទ្យាស្ថានរោគវិទ្យាអ៊ូហានជាប្រភពបញ្ចេញមេរោគ។ ដើម្បីធ្វើដូច្នេះបាន វាជារឿងធម្មតាទៅហើយដែលបណ្តាទីភ្នាក់ងារចារកម្មអាម៉េរិកត្រូវបានផ្ដល់ភារកិច្ចឱ្យស៊ើបអង្កេត។

ចំពោះការស៊ើបអង្កេតដែលត្រូវ “ស្វែងរក” ភស្តុតាងដើម្បីគាំទ្រការសន្និដ្ឋានដែលរដ្ឋាភិបាលចូបៃដិនបានទាមទារនោះ គ្មានអ្នកវិទ្យាសាស្ត្រណាអាចធ្វើការងារខ្លួនបានឡើយ ដោយសារវាមិនមែនជាការស្វែងរកបែបវិទ្យាសាស្ត្រ។

គ្មាននរណាម្នាក់គួរបំភ្លេចភស្តុតាងដែលទីភ្នាក់ងារចារកម្មអាម៉េរិកបានប្រឌិតឡើងដើម្បីចោទប្រកាន់សាដាម ហ៊ូសេន ដោយព្យាយាមបញ្ចុះបញ្ចូលពិភពលោកថា អ៊ីរ៉ាក់មានអាវុធប្រល័យលោក។ ដោយសារ “ភស្តុតាង” នេះហើយ ទើបសហរដ្ឋអាម៉េរិកបានបើកការឈ្លានពានលើអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣។

ភស្តុតាងនោះត្រូវបានបញ្ជាក់ថាមិនត្រឹមត្រូវនៅពេលសហរដ្ឋអាម៉េរិកមិនអាចស្វែងរកអាវុធប្រល័យលោកនៅប្រទេសអ៊ីរ៉ាក់។ ប៉ុន្តែអ៊ីរ៉ាក់ត្រូវបានបំផ្លាញហើយប្រជាជនអ៊ីរ៉ាក់បានធ្លាក់ក្នុងស្ថានភាពលំបាកជាខ្លាំង។ សមិទ្ធិផលដែលបង្កើតបានចេញពីការឈ្លានពាននេះគឺការកើតមានឡើងនូវក្រុមភេរវកររដ្ឋអ៊ីស្លាម (ISIS)។

ទីភ្នាក់ងារចារកម្មអាម៉េរិកបម្រើផលប្រយោជន៍ក្រុងវ៉ាស៊ីនតោន ហើយពួកគេផ្ដល់នូវអ្វីដែលក្រុងវ៉ាស៊ីនតោនត្រូវការ។ គ្មានប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកណានឹងហ៊ានតតាំងជាមួយការសន្និដ្ឋាននៃរបាយការណ៍នេះនោះឡើយ ព្រោះពួកគេចាត់ទុកទីភ្នាក់ងារចារកម្មអាម៉េរិកបម្រើផលប្រយោជន៍អាម៉េរិក បើទោះជាទីភ្នាក់ងារចារកម្មកំពុងបោកប្រាស់ក៏ដោយ។

ដោយយកការស្វែងរកប្រភពដើមនៃមេរោគកូរ៉ូណាធ្វើជានយោបាយ ក្រុងវ៉ាស៊ីនតោនមានបំណងបង្វែរចំណាប់អារម្មណ៍របស់ពិភពលោកពីការងារដ៏អន់ដែលខ្លួនបានធ្វើដើម្បីទប់ស្កាត់ជំងឺរាតត្បាត និងពីការស្តីបន្ទោសដែលអាម៉េរិកគួរទទួលយកចំពោះការរីករាលដាលនៃជំងឺនេះយ៉ាងរហ័សពាសពេញពិភពលោក។

ប៉ុន្តែវ៉ាស៊ីនតោនខុសហើយដែលជឿថាចិនអាចក្លាយជាជនដែលអាម៉េរិកអាចបន្ទោសបាន។ របាយការណ៍ស្វែងរកប្រភពដើមមេរោគកូរ៉ូណារបស់វ៉ាស៊ីនតោននឹងគ្រាន់តែជារឿងអត់ប្រយោជន៍ និងបានត្រឹមតែរារាំងសាមគ្គីភាពក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាប៉ុណ្ណោះ។ ពិភពលោកដឹងថា អាម៉េរិកមិនខ្វល់អំពីអង្គហេតុនិងការពិត ហើយអាម៉េរិកចាប់អារម្មណ៍តែក្នុងការរិះគន់ចិនប៉ុណ្ណោះ៕

https://mp.weixin.qq.com/s/ZACNudGPlBmWzE4gCzzvZA