របាយការណ៍របស់អាម៉េរិកស្តីពីវីរុសកូរ៉ូណាជាល្បិចចាស់ដ៏អាក្រក់

អន្តរជាតិ ៖ មិនថាអាម៉េរិកទាញសេចក្ដីសន្និដ្ឋានបែបណានោះទេ របាយការណ៍ចារកម្មដែលទើបតែបញ្ជូនទៅកាន់សេតវិមានអាម៉េរិកនឹងមិនមានន័យក្នុងការស្វែងយល់បន្ថែមទៀតអំពីប្រភពដើមនៃកូវីដ១៩នោះឡើយ។ ផ្ទុយទៅវិញ របាយការណ៍នេះបានត្រឹមតែបង្កឱ្យមានការលាបពណ៌នយោបាយក្នុងបញ្ហាវិទ្យាសាស្ត្រ និងរារាំងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ប្រធានាធិបតី ចូ បៃដិន បានបញ្ជាទីភ្នាក់ងារចារកម្មរបស់អាម៉េរិកឱ្យធ្វើការស៊ើបអង្កេតអំពីប្រភពដើមនៃកូវីដ១៩កាលពីខែឧសភា ហើយលោកបានទទួលបានរបាយការណ៍និងការជូនដំណឹងសម្ងាត់អំពីរបាយការណ៍នេះកាលពីថ្ងៃអង្គារទី២៤សីហា២០២១។ សេចក្ដីសង្ខេបនៃរបាយការណ៍មិនសម្ងាត់មួយនឹងចេញផ្សាយទៅកាន់សាធារណៈ។

ការដែលលោកប្រគល់ភារកិច្ចឱ្យទៅ​មន្ត្រីចារកម្មជាជាងក្រុមអ្នកវិទ្យាសាស្ត្រដើម្បីបកស្រាយប្រភពនៃជំងឺកូវីដ គឺកំពុងលាតត្រដាងនូវអ្វីដែលរបាយការណ៍នោះនឹងសន្និដ្ឋាន។ ការធ្វើបែបនេះច្បាស់ណាស់គឺប្រឆាំងនឹងគោលការណ៍វិទ្យាសាស្ត្រ។ ហើយទីភ្នាក់ងារចារកម្មអាម៉េរិកមានប្រវត្តិប្រឌិតព័ត៌មានមិនពិតនិងប្រឌិតការពិតដើម្បីបម្រើយោធានិងផលប្រយោជន៍នយោបាយរបស់អាម៉េរិក ដូចជារឿងកុហកអំពីឈូងសមុទ្រតុងកឹងដែលបង្កឱ្យមានសង្រ្គាមក្នុងឆ្នាំ ១៩៦៤ ជាមួយវៀតណាម ក៏ដូចជាការចោទប្រកាន់អ៊ីរ៉ាក់អំពីការកាន់កាប់អាវុធប្រល័យលោកដើម្បីទម្លាក់លោកសាដាម ហ៊ូសេនក្នុងឆ្នាំ ២០០៣។ អតីតរដ្ឋមន្ត្រីការបរទេស ម៉ៃ ផមផេវ ដែលជាអតីតនាយកទីភ្នាក់ងារចារកម្មអាម៉េរិក ធ្លាប់បានទទួលស្គាល់យ៉ាងកម្រថា សហរដ្ឋអាម៉េរិកមានជំនាញកុហកនិងបោកប្រាស់។

ហេតុដូច្នេះហើយទើបប្រទេសចិនបានរក្សាជំហររឹងមាំនិងកំពុងរុញច្រានប្រឆាំងនឹងការលាបពណ៌ពីសំណាក់អាម៉េរិកអំពីប្រភពដើមនៃជំងឺកូវីដ១៩។ របាយការណ៍អាម៉េរិកគឺគ្រាន់តែជាមធ្យោបាយដើម្បីលាបពណ៌ចិននិងឃោសនាបន្លើសថា ជំងឺកូវីដបានបែកធ្លាយចេញពីវិទ្យាស្ថានរោគវិទ្យាអ៊ូហាន។ ការយកបញ្ហាវិទ្យាសាស្ត្រនិងសុខភាពសាធារណៈមកកុហកក្លែងបន្លំពីសំណាក់អ្នកនយោបាយអាម៉េរិកដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួនគឺជារឿងដ៏អាក្រក់ហួសពីការស្មាន។

អង្គការសុខភាពពិភពលោកបានបញ្ជូនក្រុមអ្នកជំនាញមកកាន់ទីក្រុងអ៊ូហានដើម្បីស៊ើបអង្កេត ហើយការវិភាគរបស់ពួកគេបានចេញផ្សាយកាលពីខែមីនា ដោយពណ៌នាអំពីលទ្ធភាពនៃការបែកធ្លាយចេញពីមន្ទីរពិសោធន៍គឺហាក់បីដូចជាមិនអាចកើតឡើងនោះទេ។ ដោយមិនមានភស្តុតាងថ្មីរកឃើញ ការបន្តលាបពណ៌ចិនជាមួយការអះអាងគ្មានមូលដ្ឋានថាវីរ៉ុសកូរ៉ូណាត្រូវបានបែកធ្លាយចេញពីមន្ទីរពិសោធន៍ និងព្យាយាមប្រាប់សាធារណជនដោយរុញច្រានឱ្យមានការស៊ើបអង្កេតមួយទៀតនៅក្នុងទីក្រុងអ៊ូហាន បង្ហាញឱ្យឃើញថា សហរដ្ឋអាម៉េរិកកំពុងរៀបចំល្បិចចាស់ម្ដងទៀត។

ប្រទេសចិនមិនប្រឆាំងការងារស្រាវជ្រាវរកប្រភពដើមនោះឡើយ។ ចិនតែងតែសហការយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ។ ប៉ុន្តែវាសមហេតុផលសម្រាប់ចិនក្នុងការបដិសេធចំពោះរបាយការណ៍ដែលបន្លំខ្លួនជាការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។

វាជាពេលដែលក្រុងវ៉ាស៊ីនតោនចាត់ទុកជំងឺរាតត្បាតជាគ្រោះថ្នាក់សុខភាពសាធារណៈជាជាងលាបពណ៌ចិន។ អាម៉េរិកគួរតែគាំទ្រក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងទទួលយកភារកិច្ចក្នុងការកំណត់ថាតើវីរ៉ុសនេះបានកើតចេញពីទីណានិងឆ្លងទៅកាន់មនុស្សដោយរបៀបណា ព្រោះឱកាសក្នុងការដោះស្រាយអាថ៍កំបាំងកំពុងជិតអស់កាន់តែលឿន ដូចដែលក្រុមអ្នកវិទ្យាសាស្ត្រ WHO បានព្រមាន។ នេះគឺជាឱកាសដែលមិនត្រូវធ្វើឱ្យអសារបង់នោះឡើយ ព្រោះថាជំងឺរាតត្បាតនេះមិនមែនជាជំងឺចុងក្រោយដែលមនុស្សលោកនឹងប្រឈមមុខនោះឡើយ៕

https://mp.weixin.qq.com/s/DnHkIf78PYpYvIv44ZPYrA