មិនទាន់ចប់ទេ ! ក្រុមហ៊ុនចំនួន៤ ឆ្លើយតបចំៗទៅឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលព្យាយាម យកករណីផ្សេង មកបង្វែររឿងស្នើសុំដាក់ដេញថ្លៃគោលការណ៍ នាំចូលជ្រូករស់ យកចំណូលចូលជាតិ ប្រយោជន៍ប្រជាជន និងការពារកសិករចិញ្ចឹមជ្រូកក្នុងស្រុក

ភ្នំពេញ ៖ យោងតាមលិខិត របស់តំណាងក្រុមហ៊ុនចំនួន០៤ បានគោរពជូនទៅកាន់ អគ្គនាយក សារព័ត៌មានរស្មីកម្ពុជា កាលពីថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សូមបំភ្លឺលើអត្ថបទចំណងជើងថា ៖ “រដ្ឋមន្ត្រីក្រសួងកសិកម្មឆ្លើយតប និងដាក់ចំៗទៅក្រុមហ៊ុន ចំនួនបួនរឿងនាំជ្រូកចូលមកកម្ពុជា” ដែលសារព័ត៌មានរស្មីកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

នៅក្នុងលិខិតនេះបញ្ជាក់ថា តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំជាតំណាងក្រុមហ៊ុនទាំង៤ ដែលបានដាក់លិខិតគោរព ជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសមាជិកគ ណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំឲ្យមានការដាក់ដេញថ្លៃគោល ការណ៍នាំចូលសត្វជ្រូករស់ យកមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាតក្នុងព្រះរាជាណាចក្រកម្ពុជា, ជាដំបូង យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ដែលបានលើកយកខ្លឹមសារដែលយើងខ្ញុំ បានដាក់ស្នើសុំមកផ្សព្វផ្សាយ ជូនដល់សាធារណជន បានជ្រួតជ្រាប ហើយក៏មានការឆ្លើយតបត្រឡប់មក វិញ ពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះករណីនេះ។ ប៉ុន្តែក្នុងខ្លឹមការឆ្លើយតបរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនបានឆ្លុះបញ្ចាំងការពិតនោះទេ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានកិត្តិយសសូមបំភ្លឺជូន ឯកឧត្តម អគ្គនាយកសារព័ត៌មានរស្មីកម្ពុជា ជ្រាបថា៖ យើងខ្ញុំជាក្រុម ហ៊ុនរកស៊ីស្លូតត្រង់ ដែលគោរពបទបញ្ញត្តិរបស់រដ្ឋ មិនមានល្បិចកលអ្វីដូចដែលរដ្ឋមន្ត្រីកសិកម្មលើក ឡើងទេ យើងខ្ញុំហ៊ានទទួលខុសត្រូវចំពោះច្បាប់ ដោយបានដាក់លិខិតគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួង ទាំង២ ដោយចង់ចូលរួមជួយការពារប្រយោជន៍ជាតិប្រជាជនយើង ដែលកំពុងមានការលំបាក និងស្វែងរក សិទ្ធិក្នុងការទទួលបានការរកស៊ីលក្ខណៈទីផ្សារសេរីមានតម្លារភាពតែប៉ុណ្ណោះ។ លើសពីនេះក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បែរជាចោទក្រុមហ៊ុនរបស់យើងខ្ញុំ ដោយបង្វែរខុសប្រធានបទ លើកយកករណីផ្សេងកើតឡើងកាលពីឆ្នាំ២០២០យកមកប្រៀបធៀបដែលរឿងនេះជារឿង២ផ្ទុយស្រឡះ ពីគ្នាដែលរឿងពីមុនជាករណីក្រុមហ៊ុនផ្សេងស្នើសុំនាំចូល តែករណីក្រុមហ៊ុនយើងខ្ញុំ គឺការស្នើសុំនូវអ្វីដែលជាគោលការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ និងអនុញ្ញាតឲ្យក្រុមហ៊ុន ចំនួន៦ នាំជ្រូកចូលរួចមកហើយ យកមកដាក់ដេញថ្លៃ ដើម្បីឲ្យមានតម្លារភាព យុតិធម៌ ការពារផលប្រយោជន៍ ជាតិ និងប្រជាជនយើង ដែលពួកគាត់ខាតបង់ថវិការាប់រយលានដុល្លារក្នុង១ឆ្នាំៗ ដោយមិនដឹងខ្លួន។

សូមជម្រាបជូន ឯកឧត្តម ក៏ដូចជាសាធារណជន ឲ្យបានជ្រាបច្បាស់ថា ការស្នើសុំឲ្យមានការ ដាក់ដេញថ្លៃគោលការណ៍នាំចូលសត្វជ្រូករស់ យកមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាតក្នុងព្រះរាជាណា ចក្រកម្ពុជា ហេតុអ្វីបានជាជួយប្រយោជន៍ជាតិ ប្រជាជន និងការពារអ្នកចិញ្ចឹមជ្រូកក្នុងស្រុក? យើងខ្ញុំសូម ជម្រាបជូនដូចខាងក្រោម៖

ទី១ ៖ ចំណូលជាតិ ៖ សព្វថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញគោលការណ៍ អនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៦ ដើម្បីនាំចូលជ្រូករស់ពីប្រទេសថៃមកផ្គត់ផ្គង់តម្រូវការកម្ពុជាដោយក្នុង១ថ្ងៃ ចំនួន៦៣០០ក្បាល ។ ការផ្តល់គោលការណ៍នេះ មិនបានផ្តល់ប្រយោជន៍ជូនចំណូលជាតិឡើយ ទើបក្រុម ហ៊ុនយើងខ្ញុំស្នើសុំឲ្យយកគោលការណ៍ ដែលក្រសួងចេញឲ្យក្រុមហ៊ុនទាំង៦នេះ មកដាក់ដេញថ្លៃប្រកប ដោយតម្លារភាព ដែលអាចទទួលបានថវិកាចូលជាតិរាប់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ។ ម្យ៉ាងវិញទៀត បើក្រសួងស្ថាប័នជំនាញរកឃើញថា ចំនួនដែលចេញគោលការណ៍ឲ្យសព្វថ្ងៃ៦៣០០ក្បាលក្នុង១ថ្ងៃនេះ វាច្រើនពេក ខណៈការនាំចូលជាក់ស្តែងមានតែ ២០០០ក្បាលនោះ ក៏សុំយកតែចំនួន ២០០០ក្បាលក្នុង ១ថ្ងៃនេះមកដាក់ដេញថ្លៃ ធ្វើយ៉ាងណាបានចំណូលចូលជាតិ។

ទី២ ៖ ប្រយោជន៍ប្រជាជន ៖ បើសិនមានការដាក់ដេញថ្លៃដោយសេរី និងតម្លារភាពតម្លៃជ្រូករស់ នឹងធ្លាក់មកនៅត្រឹម១១,៥០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ហើយតម្លៃសាច់ជ្រូកនៅលើទីផ្សារនឹងធ្លាក់ ចុះពី ២៧,០០០រៀលមកត្រឹម ២១,០០០រៀលទៅ ២១,៥០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ កត្តានេះ គឺបានជួយឲ្យប្រជាជនបានហូបសាច់ជ្រូកក្នុងតម្លៃមួយសមរម្យ គឺចំណេញបាន៣០០០-៥០០០រៀលក្នុង ១គីឡូក្រាម។ ដើម្បីយល់ច្បាស់ យើងខ្ញុំសូមបង្ហាញនូវការគណនាតម្លៃជ្រូកនាំចូលដូចខាងក្រោម៖

តម្លៃជ្រូកនៅប្រទេសថៃ ក្នុងសប្ដាហ៍នេះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០២១
. ជ្រូកC/Pប្រទេសថៃ តម្លៃ៥៩បាត/គីឡូក្រាម = ៧៣៥០រៀល (រួមសេវាដឹកជញ្ជូនដល់ព្រំដែន)
ការចំណាយ:
– ឡានដឹកថៃចូលកម្ពុជា: ២៥០រៀល/គីឡូក្រាម
– ការស្រកទម្ងន់ជ្រូកខាងថៃ: ២០០រៀល/គីឡូក្រាម
– ថ្លៃធ្វើតេស្តឈាមជ្រូកពិនិត្យជំងឺបេស្តអាហ្វ្រិក និងជំងឺផ្សេងៗ: ១២៥រៀល/គីឡូក្រាម
– បង់ពន្ធក្នុងប្រទេសថៃ: ១១០រៀល/គីឡូក្រាម – បង់ពន្ធនាំចូលកម្ពុជា: ៦០០រៀល/គីឡូក្រាម
សរុមថ្លៃដើម: ៧៣៥០រៀល + ២៥០រៀល+ ២០០រៀល+១២៥រៀល+១១០រៀល+៦៦០រៀល= ៨,៦៩៥រៀល/គីឡូក្រាម (ជ្រូកដល់ឃ្លាំងទឹកដីកម្ពុជា)
តម្លៃជ្រូករស់ដែលគេលក់បច្ចុប្បន្នចន្លោះ ១៣,០០០រៀល ទៅ១៣,៨០០រៀល/គីឡូក្រាម ចំណេញជាមធ្យម: ៤០០០រៀល/គីឡូក្រាម ហើយជ្រូក១ក្បាលទំងន់១០០គីឡូក្រាម
→ ១០០គីឡូ x៤០០០រៀល = ៤០០.០០០រៀល។ យើងយកចំនួននាំចូល១ថ្ងៃនាំចូលជា មធ្យមតែ២០០០ក្បាល មកគណនា
→ ៤០០,០០០រៀល x ២០០០ក្បាល= ៨០០,០០០,០០០រៀល/ថ្ងៃ ប្រហែល២០ម៉ឺនដុល្លារ/ថ្ងៃ
សរុបលុយចំណេញ១ឆ្នាំ: ២០ម៉ឺនដុល្លារ/ថ្ងៃ x ៣៦៥ថ្ងៃ = ៧៣លានដុល្លារ/ឆ្នាំ

តើលុយទាំងអស់ធ្លាក់ក្នុងហោប៉ៅនរណា បានជាខំប្រឹងបកស្រាយនិងការពារម៉្លេះ? គឺអ្នកទទួល ផលប្រយោជន៍។ តើនរណាជាអ្នកខាតបង់លុយនេះ? គឺប្រជាពលរដ្ឋដែលទិញសាច់ជ្រូកហូបរាល់ថ្ងៃ។

-ផលប្រយោជន៍កសិករចិញ្ចឹមក្នុងស្រុក ដោយសារកក្តាដាក់ដេញថ្លៃគោលការណ៍នាំចូលនេះ ធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុកមានឱកាសកាន់តែខ្លាំងក្នុងការប្រកួតប្រជែងជាមួយជ្រូកនាំចូល ព្រោះ ក្រុមហ៊ុននាំចូលត្រូវបង្កើនចំណាយថ្លៃដើមខ្ពស់ជាងមុន ព្រោះការប្រកួតប្រជែងគ្នាដេញថ្លៃទម្រាំទទួល បានគោលការណ៍ត្រូវចំណាយថវិកាបង់ចូលថវិកាជាតិ បូករួមចំណាយដឹកជញ្ជូន ចំណាយបង់ពន្ធ និង ចំណាយផ្សេងៗទៀត ដែលទាំងអស់នោះធ្វើឲ្យក្រុមហ៊ុននាំចូលចំណាយខ្ពស់ជាង ការចិញ្ចឹមរបស់កសិករ ក្នុងស្រុក ដូច្នេះមានរឿងអ្វីដេលត្រូវប៉ះពាល់ដល់ការចិញ្ចឹមក្នុងស្រុកនោះទេ។ លើសពីនេះ ក្រុមហ៊ុននាំ ចូលត្រូវចំណាយបូមឈាមជ្រូកចូលឡាបូពិនិត្យរកមេរោគប៉េស្តអាហ្វ្រិក និងជំងឺផ្សេងៗទៀត ដែលបាន ហាមឃាត់ជាសកលរបស់អង្គការសុខភាពសត្វពិភពលោក រហូតមានលិខិតបញ្ជាក់សុភាពសត្វត្រឹមត្រូវ តាមច្បាប់ពីប្រទេសថៃ ទម្រាំមានការអនុញ្ញាតឲ្យនាំចេញពីប្រទេសរបស់គេចូលមកប្រទេសកម្ពុជាយើង ទាំងនេះ គឺសុទ្ធតែជាបន្ទុកស្មុគស្មាញ និងបន្ថែមការចំណាយរបស់ក្រុមហ៊ុននាំចូលទាំងអស់ ហើយក៏ ដើម្បីធានាថាជ្រូកនាំចូលមិនមានជំងឺ ឬមិននាំជំងឺធ្វើប៉ះពាល់ដល់ជ្រូកក្នុងស្រុក។ ទាំងអស់នេះហើយ ការ ដាក់ឲ្យមានការដេញថ្លៃ គួរណាស់តែទទួលបានការសាទរ និងអបអរពីសមាគមចិញ្ចឹមជ្រូកនៅក្នុងស្រុក ឬ មួយសមាគមចង់ឲ្យមានការនាំចូលស្រួលៗ ដូចសព្វថ្ងៃដែលក្រសួងកសិកម្មអនុញ្ញាតឲ្យនាំចូលរាប់ពាន់ ក្បាលក្នុង១ថ្ងៃៗដោយរលូន មិនបានដាក់ដេញថ្លៃបែបនេះទើបហៅថាត្រឹមត្រូវ តម្លារភាព យុត្តិធម៌ និងជួយដល់អ្នកចិញ្ចឹមក្នុងស្រុកបាន? បើដើម្បីអ្នកចិញ្ចឹមក្នុងស្រុក សមាគមគប្បីគាំទ្រឲ្យមានការដាក់ដេញ ថ្លៃជាជាងគាំទ្រ ការពារការនាំចូលដូចសព្វថ្ងៃនេះ។ បើការនាំចូលដូចសព្វថ្ងៃនេះ គឺតម្លៃអ្វីៗស្រេចតែលើ មាត់ឈ្មួញនាំចូលប៉ុណ្ណោះ ចង់លក់ថ្លៃក៏បាន ចង់លក់ថោកក៏បាន ព្រោះមិនបានចំណាយលើសេវាដេញ ថ្លៃឡើយ កត្តានេះគឺជាកក្តាផ្តល់ហានិភ័យខ្ពស់ដល់ការប្រកួតប្រជែងរបស់កសិករក្នុងស្រុកយើង។

ចំណុចមួយទៀត ដែលយើងខ្ញុំសូមជម្រាបជូន ឯកឧត្តម និងសារធារណជនផងដែរថា កន្លង មកក្រសួងកសិកម្មតែងតែនិយាយថា ខ្លួនមិនបានផ្តល់គោលការណ៍នាំចូលជ្រូកផ្ដាច់មុខឲ្យទៅក្រុមហ៊ុន ណាមួយទេ គឺបានផ្ដល់គោលការណ៍ទៅដល់ក្រុមហ៊ុនរហូតដល់ចំនួន៦។ ទាំងនេះសុទ្ធតែជាការបិទបាំង ភាពផ្តាច់មុខតែប៉ុណ្ណោះ ជាក់ស្ដែងប្រជាពលរដ្ឋ ពិសេសនៅព្រំដែនកម្ពុជា-ថៃ បានជួបប្រទះស្ទើររាប់ភ្លេច ទៅហើយ គឺក្រុមហ៊ុននាំចូលជ្រូកមួយនោះបានតាំងខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ចុះចាប់ឆែកឆេរទំនិញ របស់ប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ ហើយត្រូវប្រជាពលរដ្ឋថតបង្ហោះលើ Facebook ទៀតផង តើនេះឬ ទង្វើមិនផ្តាច់មុខនោះ?៕