អភិបាលខេត្តព្រះសីហនុ៖ ចេញបញ្ជាឱ្យអភិបាលក្រុង-ស្រុក ត្រូវ​ចាត់វិធានការដាច់ខាតចំពោះការប្រមូលផ្តុំ ជួបជុំគ្នាផឹកស៊ី នៅតាមភោជនីយដ្ឋាន ខារ៉ាអូខេ បារ និងរង្គសាល

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចេញបទបញ្ជាដល់អភិបាលក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាមទីតាំងសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត។ល។

បើ​តាមប្រសាសន៍របស់លោក គួច ចំរើន បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ ចាប់ពីម៉ោងនេះតទៅ ចំពោះ​ករណី​រកឃើញ​ខាងលើនេះ​ ត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះដោយគ្មានការលើកលែងឡើយ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ បានគូសបញ្ជាក់បន្ថែមថា៖​ ចំពោះតូបលក់អាហារ អាហារដ្ឋាន និងភោជនីយដ្ឋាន អនុញ្ញាតបានសម្រាប់តែការលក់ដូរដោយវេចខ្ចប់ប៉ុណ្ណោះ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល៕