ថៃ៖​ ​មេទ័ពថៃ បញ្ជាឱ្យកងទ័ពជួយរៀបចំបុណ្យសពសម្រាប់អ្នកស្លាប់ដោយ​សារកូវីដ-១៩​,ខណៈ​អ្នកជំងឺ​ ១១៩នាក់ទៀតស្លាប់ និង​រកឃើញករណីឆ្លងថ្មីៗ ជិត​មួយ​ម៉ឺន​ប្រាំពាន់​នាក់

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះថា៖ យោងតាមរាយការណ៍ប្រចាំថ្ងៃពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,២៦០ករណី និង​អ្នកជំងឺកូវីដ​ចំនួន ១១៩នាក់បន្ថែមទៀត​បានស្លាប់​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។​

ជាមួយគ្នានេះ​ ទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ នៅថ្ងៃដដែល​នេះ​ បាននិយាយបន្ថែមថា​ ប្រមុខកងទ័ពថៃ លោកឧត្ដមសេនីយ៍ Narongphan Jitkaewtae នៅថ្ងៃសុក្រម្សិលមិញ​ ក៏បានចេញបទបញ្ជាឱ្យកងទ័ពចូលរួមចំណែកក្នុងការរៀបចំ ពិធីបុណ្យសពសម្រាប់អ្នកស្លាប់ដោយសារ COVID-19ផងដែរ។

ជាក់ស្ដែង​ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា​៖​ ករណីឆ្លងថ្មីៗខាងលើនេះ គឺត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅផង និងអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៧,៦៣៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

បើតាមលោក Narongphan Jitkaewtae រាល់អង្គភាពកងទ័ពទាំងអស់មានអង្គភាពរៀបចំពិធីបុណ្យសពមួយ ដែលទទួលខុសត្រូវលើការរៀបចំពិធីបុណ្យសព សម្រាប់កងទ័ពដែលបានស្លាប់។ លោក Jitkaewtae បន្ថែមទៀតថា កងទ័ពនឹងប្រមូលសាកសពក៏ដូចជាកំណត់អត្តសញ្ញាណសពដើម្បីជួយសម្រួលដល់គ្រួសារ ជនរងគ្រោះក្នុងការបូជាសព។ អង្គភាពរៀបចំពិធីបុណ្យសពក៏អាចប្រើប្រាស់ជំនាញ និងចំណេះរបស់ខ្លួនក្នុងការប្រមូលសពនៅក្នុងសមរភូមិយកមកជួយ គ្រួសារជនរងគ្រោះស្លាប់ដោយសារ COVID-19 ដើម្បីរៀបចំពិធីបុណ្យសពផងដែរ។

គួរបញ្ជាក់ថា​ ប្រទេសថៃ​ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៨១,៩៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៩៣០នាក់ និងអ្នកជាសះស្បើយ ៣២៧,៧៨៩នាក់​ គិត​ត្រឹម​រហូតមកទល់ពេលនេះ។

ដោយ​ឡែក​ សម្រាប់ការចាក់វ៉ាក់សាំងវិញ ប្រទេស​ថៃ​ សម្រេចបាន ១៥.៤លានដូស ក្នុងនោះប្រជាជន ៣.៥៨លាននាក់ (៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕