ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឲ្យដឹងថា ដោយសារតែសំណុំរឿងនៅក្នុងតុលាការហាក់មានកកស្ទះ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កំពុងពិចារណាប្រើប្រាស់តុលាការចល័ត សាកល្បងរយៈពេល៦ខែ ដើម្បីជម្រះរឿងដែលនៅសេសសល់ឲ្យអស់ ដែលជាកត្តាមួយជួយសម្រួលដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងយុត្តិធម៌ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន បានបញ្ជាក់ថា យន្ដការនេះច្បាប់បានកំណត់ឲ្យប្រើប្រាស់ ក្នុងករណីជាប់គាំសំណុំរឿងនៅក្នុងតុលាការ ប៉ុន្ដែក្រសួងយុត្តិធម៌មិនធ្លាប់ដែលប្រើប្រាស់នោះឡើយ ដូច្នេះពេលខាងមុខគឺជាពេលសាលល្បង។

បើតាមលោក ជិន ម៉ាលីន តុលាការចល័តនេះ មានន័យថា ចល័តទាំងចៅក្រម ចល័តទាំងសំណុំរឿង និងចល័តទាំងសាលសវនាការ ពោលក្នុងករណីចៅក្រមនៅតុលាការខេត្តណាទំនេរ ត្រូវទៅជួយការងារនៅខេត្តផ្សេង ហើយយកសំណុំរឿងដែលនៅសេសសល់ទៅជម្រះ ហើយត្រូវយកទីតាំងសាលាសវនាការណាដែលទំនេរដូចគ្នា ដើម្បីកាត់សេចក្ដី។

លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «យើងពិចារណាអនុវត្តនូវតុលាការចល័ត ដែលអនុវត្តដោយច្បាប់។ តុលាការចល័តនេះ គឺចល័តទាំងអស់ ទាំងចៅក្រម សំណុំរឿងសមត្ថកិច្ច និងចល័តទាំងសាលសវនាការ។ ដូច្នេះតុលាការចល័តនេះ គឺស្ថិតក្នុងការពិចារណា ក្នុងការរំដោះការកកស្ទះសំណុំរឿងនៅតាមតុលាការសម្រាប់រយៈពេលវែង»។

បន្ថែមពីនេះ លោក ជិន ម៉ាលីន បានពន្យល់ថា មូលហេតុដែលនាំឲ្យសំណុំរឿងនៅក្នុងតុលាការមានការកកស្ទះ ក៏ដោយសារតែការកង្វះខាតធនធានមនុស្ស បើប្រៀបធៀបទៅនឹងសំណុំរឿងដែលតុលាការទទួលបានជារៀងរាល់ថ្ងៃ។

លោកបានអះអាងថា ទិសដៅបន្ដក្រសួងនឹងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ដែលក្នុងនោះមានក្របខ័ណ្ឌពីរ រួមមាន ការពង្រីកសាលសវនាការ, ការពង្រីកសំណង់អគារសវនាការ និងការអនុវត្តតុលាការចលតដែលអនុវត្តដោយច្បាប់។ ចំណុចទាំងពីរនេះ ក្រសួងកំពុងពិចារណាទៅថ្ងៃមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន។ ប៉ុន្ដែសម្រាប់សំណួរដែលបានចោទសួរថា តើតុលាការចល័តគ្រោងនឹងអនុវត្តនៅពេលណា? លោក ជិន ម៉ាលីន មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពោលត្រូវរង់ចាំការសម្រេចនៅពេលក្រោយរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប៉ុន្ដែលោកគ្រាន់តែបង្ហើមថា នឹងចាប់ផ្ដើមសាកល្បងមុនគេនៅ សាលាដំបូងរាជធានីភ្នំពេញ ដោយលោកចាត់ទុកថា ប្រសិនបើដោះតុលាការរាជធានីភ្នំពេញបាន ប្រៀបដូចដោះបាននៅតុលាការទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here