ក្រុមប្រទេស G20៖ បង្ហាញវឌ្ឍនភាពតិចតួចស្តីពីវិធីសាស្ត្រ ដើម្បីការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

អន្តរជាតិដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថាមពលមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬហៅកាត់ថា G20 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញពីវឌ្ឍនភាពតិចតួចស្តីពីវិធីសាស្ត្រ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះបានចុះផ្សាយថាកិច្ចប្រជុំនៃក្រុមប្រទេស G20 ដែលបានធ្វើឡើងនៅទីក្រុង ណាផលស៍ (Naples) ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ទី២២កក្កដាម្សិលមិញនេះបានពិភាក្សាអំពីប្រធានបទជីវចម្រុះ និងបរិស្ថានធម្មជាតិ ខណៈបញ្ហាថាមពល និងការបម្រែបម្រួលអាកាសធាតុ នឹងស្ថិតក្នុងរបៀបវារៈសម្រាប់ថ្ងៃសុក្រនេះ។

ដោយឡែកក្រុមអ្នកការទូតក៏បានព្យាយាមអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីស្វែងរកមូលដ្ឋានរួម ប្រកបដោយអត្ថន័យទៅលើប្រធានបទសំខាន់ៗទាំងពីរ។

ចំណែកប្រទេសអ៊ីតាលី ដែលកាន់តំណែងជាប្រធានក្រុមប្រទេស G20 នៅឆ្នាំ២០២១នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ សេចក្តីថ្លែងការណ៍ស្តីពីបរិស្ថានមួយត្រូវបានព្រមព្រៀងគ្នាហើយ ដែលនេះជា «សេចក្តីរីករាយដ៏អស្ចារ្យបំផុត» នៃក្រុមប្រទេសទាំង២០ បន្ទាប់ពី«ការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ និងការប្រជុំអស់រយៈពេល ០២ថ្ងៃ»

បេីតាមរដ្ឋមន្រ្តីក្រសួងបរិស្ថានអ៊ីតាលីលោក រ៉ូប៊ឺតូ ស៊ីងហ្គោឡានី (Roberto Cingolani) បានគូសបញ្ជាក់បន្ថែមថា៖ សេចក្ដីថ្លែងការណ៍ចំនួន ០៧ទំព័រខាងលើ រំលេចនូវប្រធានបទជាច្រើនរួមមាន សន្តិសុខស្បៀងអាហារ, ការប្រើប្រាស់ទឹក, ការទុកដាក់សំរាម, ការចំណាយប្រកបដោយនិរន្តរភាព និងវិធីអប់រំយុវជនឱ្យកាន់តែប្រសើរលើបញ្ហាអាកាសធាតុ។ រីឯសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី២៣កក្កដានេះដែរត្រូវបានគេរំពឹងថា នឹងផ្តោតទៅលើការប្តេជ្ញាចិត្ត ចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលទំនងជានឹងមានការប្រឈមកាន់តែខ្លាំង។

គួរជម្រាបថាកិច្ចប្រជុំនៃក្រុមប្រទេស G20 ត្រូវបានគេមើលឃើញថា ជាជំហានចំកណ្តាលដ៏សំខាន់មួយ នៅមុនពេលបើកកិច្ចប្រជុំស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក ដែលត្រូវបានគេស្គាល់ថា COP 26 ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង ក្លាសហ្គោ (Glasgow) ចក្រភពអង់គ្លេស នៅខែវិច្ឆិកាខាងមុខនេះ៕