ចាប់ខ្លួន​ថៅកែបុរី” អ៊េមឺរ៉លដ៏ ស៊ីធី” តាមដីកាបង្គាប់ជាលើកទី៣របស់តុលាការ ពាក់ព័ន្ធ​និង​រឿងចេញសែកស្អុយ

ភ្នំពេញ៖ លោក កែវ មុនីរតន៍ ដែល​ជាថៅកែបុរី “អ៊េមឺរ៉លដ៏ ស៊ីធី “​ ត្រូវ​បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យដឹងថា​ ជនត្រូវចោទឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ស៊ីធី អាយុ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការបើការស៊ើបសួរ និងសម្រេចចោទប្រកាន់បញ្ជូនរឿងឲ្យស៊ើបសួរ តាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

របាយការណ៍​ដដែល​ បន្តថា​ បុគ្គលឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅតុលាការដាក់ពន្ធនាគារចំនួន២លើករួចមកហើយ សរុបលើកនេះគឺ៣ដងហើយ ពាក់ព័ន្ធករណីដដែលៗ។

គួររម្លឹកផង​ដែ​រ​ថា លោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតីផងដែរនោះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ​ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការពាក់ព័ន្ធរឿងឆបោកប្រាក់ជាង ២លានដុល្លារ ក្រោមរូបភាពលក់ដីខ្យល់ម្ដងរួចទៅហើយ។

គួរបញ្ជាក់ថា​ ក្រោយមក​លោក ជីប ចណ្ណារិទ្ធិ មេធាវីការពារសិទ្ធិឲ្យម្ចាស់ដី និងជាជនរងគ្រោះឈ្មោះ ជៃ ហូមីង ជនជាតិចិន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្លង​ទៅ​នេះ​ថ្មី​ៗនេះ​ បានដាក់ពាក្យទៅសាលាស្រុកអង្គស្នួល និងសាលាឃុំលំហាចឱ្យជួយទប់ស្កាត់សកម្មភាពសាងសង់សំណង់ខុសច្បាប់របស់បុរី” អ៊េមឺរ៉លដ៏ស៊ីធី “ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ម្ដុំជិតផ្សារថ្នល់ទទឹង កែងផ្លូវ៦០ម៉ែត្រ ត្រង់គីឡូម៉ែត្រលេខ៣ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលផងដែរ៕