អតីតនិពន្ធនាយកកាសែត Apple Daily បន្ទាប់​ពី​បានបិទទ្វារមក​ ពេលនេះ​ត្រូវ​ប៉ូលីស​ហុងកុង​ ចាប់ឃាត់ខ្លួន​

អន្តរជាតិ បេីសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលីសហុងកុង នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថាអតីតនិពន្ធនាយកប្រតិបត្តិនៃកាសែត Apple Daily ដែលជាស្ថាប័នកាសែតល្បីមួយនៅទីក្រុងហុងកុងបន្ទាប់ពីត្រូវបានបិទទ្វារហើយនោះ,​ពេលនេះត្រូវបានកម្លាំងប៉ូលីសចាប់ឃាត់ខ្លួនទៀត។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃពុធ ទី២១ ខែកក្កដានេះដែរបានដកស្រង់ចេញផ្សាយពីនៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលីសហុងកុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ពួកគេបានចាប់ខ្លួនអតីតនិពន្ធនាយកប្រតិបត្តិនៃកាសែត Apple Daily ដែលជាបុរសមានអាយុ៥១ឆ្នាំ ពីបទសង្ស័យគប់គិតជាមួយកងកម្លាំងបរទេស ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ

គួរជម្រាបថា កាសែត Apple Daily ដែលជាស្ថាប័នកាសែតល្បីមួយនៅទីក្រុងហុងកុង ត្រូវបានបិទទ្វារ បន្ទាប់ពីប៉ូលីសហុងកុងរាប់រយនាក់បានចុះបង្រ្កាបទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ និងបានបង្កកគណនីធនាគាររបស់កាសែតមួយនេះ ដែលមានទឹកប្រាក់ប្រហែល ១៨លានដុល្លារហុងកុង ពាក់ព័ន្ធបញ្ហាសន្តិសុខជាតិ។

ដោយឡែកជុំវិញបញ្ហានេះ ក្រុមហ៊ុន ណិច ឌីជីថល (Next Digital) ដែលជាម្ចាស់អតីតស្ថាប័នកាសែត Apple Daily មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ៕