ទំនប់​វា​រី​អគ្គិសនីមួយ​នៅ​ភាគ​កណ្តាល​ប្រទេសចិន​ ដែល​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ព្យុះភ្លៀង “អាច​នឹង​បាក់​គ្រប់ពេល”​,​ នេះបេី​តាមការព្រមានពីកងទ័ព​ចិន​

អន្តរជាតិ ទំនប់វារីអគ្គិសនីមួយស្ថិតនៅភាគកណ្តាលប្រទេសចិន “​អាចនឹងបាក់គ្រប់ពេល​”​ បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះ​​ភ្លៀងដ៏ខ្លាំងក្លាហេីយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ មិនតែប៉ុណ្ណោះ​​ធ្វើឱ្យតំបន់នេះជាប់គាំងផងដែរ នេះបេីតាមការព្រមានពីកងទ័ពចិន

បេីតាមអង្គភាពតំបន់នៃកងទ័ពរំដោះប្រជាជនចិន (PLA)​ កាលពីល្ងាចថ្ងៃអង្គារទី២០ ខែកក្កដាឆ្នាំ២០២១បានព្រមានថា ភ្លៀងធ្លាក់ឥតឈប់ឈរបានបណ្តាលឱ្យបាក់ស្រុតប្រវែង ២០ម៉ែត្រនៅទំនប់វារីអគ្គិសនីយីហេតាន់​​ ក្នុងទីក្រុងលូយ៉ាង ដែលមានប្រជាជនប្រមាណ៧លាននាក់រស់នៅ

ទីបញ្ជាការដ្ឋានកណ្តាលរបស់ PLA​ បាននិយាយថាខ្លួនបានបញ្ជូនទាហានដើម្បីអនុវត្តការឆ្លើយតបបន្ទាន់ ដែលរួមមានទាំងការបំផ្ទុះបំបាក់ទំនប់និងបង្វែរទឹកជំនន់ទៅកន្លែងផ្សេង

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីបញ្ជាការនេះ​ ​បាននិយាយបន្ថែមថា“​នៅថ្ងៃទី ២០ ខែកក្កដាម្សិលមិញនេះការបាក់ស្រុតប្រវែង ២០ម៉ែត្របានកើតឡើងនៅឯទំនប់យីហេតាន់​…​ច្រាំងទន្លេបានខូចខាតយ៉ាងធ្ងន់ធ្ងរហើយទំនប់​​នេះអាចនឹងបាក់គ្រប់ពេល​”​

ដោយឡែកជុំវិញករណីនេះដែរអាជ្ញាធរអាកាសធាតុ​ ​បានចេញនូវការព្រមានកម្រិតខ្ពស់បំផុតសម្រាប់ខេត្តហឺណានភាគកណ្តាលប្រទេសចិន​ ​ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កការរំខានយ៉ាងខ្លាំងនិងការជម្លៀសប្រជាជននៅតាមដងផ្លូវ​​លិចទឹក

គួរបញ្ជាក់ថានៅប្រទេសចិនករណីទឹកជំនន់កើតមានជាធម្មតារាល់រដូវវស្សាដែលបណ្តាលឱ្យមានភាពវឹកវរជារៀងរាល់ឆ្នាំនិងបានពន្លិចផ្លូវថ្នល់ដំណាំនិងផ្ទះសម្បែងរបស់ប្រជាជនផងដែរ៕