ផ្អើល​ពលរដ្ឋ​រុស្ស៊ី​៖​ ខណៈ​ហ្វូង​មូស​រាប់លាន​ក្បាល ធ្វើ​បំលាស់​ទី​យ៉ាង​លឿន​និង​ក្រាស់ឃ្មឹក​នៅលើ​មេឃ​ស្មានតែ​ព្យុះ​ប្រមោយដំរី​

អន្តិតជាតិ៖ បើយោងតាមឃ្លឹបវីដេអូមួយនៅប្រទេសរុស្ស៉ី​ ត្រូវ​បានគេបង្ហោះ​នៅលេីបណ្ដាញសង្គម​ពាក់ព័ន្ធ​នឹងហ្វូង​សត្វ​មូស​រាប់លាន​ក្បាល ដែល​ធ្វើ​បំលាស់​ទី​យ៉ាង​លឿន​ និង​ក្រាស់ឃ្មឹក​នៅលើ​មេឃ​ស្មានតែ​ព្យុះ​ប្រមោយដំរី​ បានបាំង​ជិត​ពន្លឺព្រះអាទិត្យ​នៅ​តំបន់​មួយ​នៃ​ប្រទេស​រុស្ស៊ី​កាលពី​ចុង​សប្តាហ៍​ ហើយ​ករណី​នេះ​ ធ្វើ​ឱ្យ​អ្នកឃេីញហេតុការណ៍មេីលទៅដូច​មិន​គួរ​ឱ្យ​ជឿ​រផងដែរ​។

​ហ្វូង​មូស​រាប់លាន​ក្បាល ដែល​ធ្វើ​បំលាស់​ទី​យ៉ាង​លឿន​និង​ក្រាស់ឃ្មឹក​នៅលើ​មេឃ ត្រូវបាន​ប្រទះឃើញ​នៅ​តំបន់​កាំ​ចាត់កា​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី ដោយ​ហេតុ​បង្ក​ការភិតភ័យ​ដល់​អ្នកស្រុក​។

​មើល​ពី​ចម្ងាយ រូបភាព​ថត​ពី​តំបន់​នេះ​មើល​ទៅ​ប្រៀប​បី​ដូចជា​ព្យុះ​ប្រមោយដំរី​កំពុង​បក់​គួច​ធូលី​ដី​ឡើង​ទៅ​លើ​មេឃ​យ៉ាង​អ៊ីចឹង​។ ប៉ុន្តែ​នៅពេល​ថត​កៀក​ទើប​ដឹង​ថា​វា​ជា​ហ្វូង​មូស​រាប់​លាន​ក្បាល​ស្ទើរ​មិន​​គួរឱ្យ​ជឿ​នឹង​ភ្នែក​។

​លោក​អា​ឡិច​សី​មកពី​តំបន់​អូស​កាំ​ចាត់​បាន​និយាយថា “​ខ្ញុំ​បើក​ឡាន​ឆ្លងកាត់​ហ្វូង​មូស​ទាំង​នេះ​ពី​ចម្ងាយ​រាប់រយ​ម៉ែត្រ​។ វា​មិនមែន​ជា​បទពិសោធន៍​គួរ​ឱ្យ​ត្រេកអរ​នោះទេ ព្រោះ​ខ្ញុំ​មើលផ្លូវ​មិនឃើញ​ទេ​។ ខ្ញុំ​មិន​ហ៊ាន​បើក​បង្អួច​ទេ​”​។

“​ហ្វូង​មូស​ទាំង​ជួរៗ​អាច​មើលឃើញ​នៅ​គ្រប់កន្លែង​នៅ​លើ​មេឃ​។ ខ្ញុំ​ឃើញ​ហ្វូង​មូស​ខ្លះ​បែកខ្ញែក​គ្នា ប៉ុន្តែ​ក្រោយមក​ក៏​ពូន​ផ្តុំគ្នា​ទៅជា​គំនរ​ព្យុះ​ប្រមោយដំរី​ថ្មី​វិញ​ភ្លាមៗ​”​។​

​អ្នកជំនាញ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​កាំ​ចាត់កា​ថា អ្នកស្រុក​មិនបាច់​បារម្ភ​អំពី​ហ្វូង​មូស​ទាំងនេះ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​បាតុភូត​បង្កាត់​ពូជ​របស់​មូស​ប៉ុណ្ណោះ​។​

​លោកស្រី​លី​យូ​ដ​មី​ឡា ឡូ​ប​កូវ៉ា ជា​អ្នកជំនាញ​ខាង​បាណក​សាស្ដ្រ បាន​និយាយថា “​ទាំងនេះ​ជា​ហ្វូង​មូស​ឈ្មោល​កំពុង​ចោមរោម​មូស​ញី​ដើម្បី​ពាក់​គ្នា​។ បាតុភូត​នេះ​គឺ​គ្មាន​បញ្ហា​អ្វី​ទេ​”​។

​លោកស្រី​បន្ត​ថា​ហ្វូង​មូស​ឈ្មោល​ទាំងនោះ​មិន​វាយប្រហារ​មនុស្ស​ទេ​៕

FullSizeRender