មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមាន ចុះដកហូតអាល់កុលមានសារធាតុមេតាណុលចំនួន និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ម៉ាត ផ្ទះលក់ទំនិញ ដែលស្ថិតក្នុង ខេត្តបន្ទាយមានជ័យ។

ជាក់ស្ដែង​ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន៦.២លីត្រ និងទំនិញខូចគុណភាពចំនួន ១៥ គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត។

ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត។

គួររម្លឹកដែរថា​ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញចម្រុះដែលសង្ស័យមានផ្ទុកនូវទំនិញគ្មានគុណភាពពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ត្រង់ចំណុចខាងកើតច្រកបឹងត្រកួនចម្ងាយប្រមាណ ១គម ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញជាប្រភេទកម្ទេចមីដែលជាកាកសំណល់មីកញ្ចប់បានចំនួន ៨៩ការ៉ុង ស្មើនឹង ១៤២,៤០០កញ្ចប់តូច សរុប២. ២២៥ គីឡូក្រាម។ បន្ទាប់ពីធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕