វិភាគ ៖ ពលរដ្ឋចង់ឃើញ គោលការណ៍នាំចូលជ្រូករស់មកដាក់ដេញថ្លៃដែល លោក តាន់ ផាន់ណារ៉ា បានលើកមកអះអាងនោះ រដ្ឋនឹងទទួលបានថវិការជាង ៣លានដុល្លារក្នុងមួយឆ្នាំ

ភ្នំពេញ ៖ ក្នុងលកខ័ណ្ឌដ៏ច្បាស់លាស់មួយនោះ ប្រសិនបើ យកគោលការណ៍ ដែល លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចេញមកអះអាងថា ក្រសួងកសិកម្មបានផ្តល់គោលការណ៍នាំចូលជ្រូករស់ឲ្យដល់៧ក្រុមហ៊ុន ដែលមានបរិមាណសរុប ៦៣០០ក្បាល ក្នុងមួយថ្ងៃ គឺស្មើនិង ២.២៩៩.៥០០ ក្បាលក្នុង មួយឆ្នាំ បើយើងយកចំនួននាំចូលប្រចាំថ្ងៃ ៦.៣០០គុណនឹង ៣៦៥ថ្ងៃ នឹងទទួលបានចំណូលចូលជាតិ ប្រមាណជាង៣លានដុល្លារក្នុងមួយឆ្នាំៗ។

ដូច្នេះបើយកចំនួននេះមកដាក់ ដេញថ្លៃវិញ ច្បាស់ណាស់ចំណូលរាប់លានដុល្លារ បានចូលទៅក្នុងថវិការដ្ឋក្នុង១ឆ្នាំៗ ពិសេសនោះ គឺបាត់អស់មន្ទិល និងបំបាត់នូវអាសោចកេរ្តិ៍ ដល់ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ផងដែរ ព្រោះអីការចោទប្រកាន់ត្រូវបានបញ្ចប់ ហើយអ្វីៗនឹងល្អប្រសើរឡើង ព្រោះទាំងនេះគឺជាយុទ្ធសាស្រ្តឈ្នះ ឈ្នះ ទាំងអស់គ្នា។

ការយកគោលការណ៍នាំចូលជ្រូករស់ដូចអ្វីដែលលោកតាន់ ផាន់ណារ៉ា ថា ផ្តល់អោយ ៧ក្រុមហ៊ុនមានចំនួន ៦.៣០០ក្បាលក្នុង១ថ្ងៃនេះ មកដាក់ដេញថ្លៃមានអត្ថប្រយោជន៍ដូចតទៅ ៖

១- អាចប្រមូលចំណូលចូលថវិការជាតិជាង3លានដុល្លារក្នុងមួយឆ្នាំៗ ព្រោះក្នុង១ក្រុមហ៊ុនៗ អាចមានសិទ្ធនាំចូល ៩៦០ក្បាលក្នុង១ថ្ងៃ ហើយត្រូវបង់ចូលថវិការជាតិ កន្លះលានដុល្លារ ចុះបើ៧ក្រុមហ៊ុនគឺជាង៣លានដុល្លារ។

២- ជួយប្រជាពលរដ្ឋបានហូបសាច់ជ្រូកក្នុងតម្លៃមួយសមរម្យមិនថ្លៃហួសហេតុដូចសព្វថ្ងៃនេះទេ។

៣- កក្តាដេញថ្លៃនេះធ្វើអោយបន្ថែមបន្ទុកចំណាយដល់ក្រុមហ៊ុននាំចូលផ្គត់ផ្គង់ ដែលអំណោយផលល្អដល់អ្នកចិញ្ចឹមក្នុងស្រុកធ្វើការប្រកួតប្រជែង។

វិធីនេះគឺបង្ហាញពីភាពស្អាតស្អំទាំងអស់គ្នា ដោយមិនចាំបាច់រកហេតុផល បកស្រាយអ្វីទាំងអស់ ព្រោះពាក្យដេញថ្លៃដោយសេរីយុត្តិធម៌នេះ គឺប្រជាពលរដ្ឋជាអ្នកទទួលទាន អ្នកចិញ្ចឹមក្នុងស្រុក និងក្រុមហ៊ុននាំចូលដែលត្រឹមត្រូវ រួមទាំងរដ្ឋ គឺអាចទទួលយកបានទាំងអស់គ្នា៕