វៀតណាម៖​ សម្រេចបិទខ្ទប់តំបន់ភាគខាងត្បូងទាំងមូលរយៈពេល ២សប្ដាហ៍ ដើម្បីទប់ស្កាត់ករណីឆ្លង COVID-19

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ អាជ្ញាធរវៀតណាម​ បានប្រកាសបិទខ្ទប់តំបន់ភាគខាងត្បូងទាំងមូលនៃប្រទេសរយៈពេល ២សប្ដាហ៍ ដើម្បីទប់ស្កាត់ករណីឆ្លង COVID-19 ប្រចាំថ្ងៃ ដែលកំពុងកើនឡើងយ៉ាងគំហុក។

ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយបន្តថា​ វិធានការបិទខ្ទប់តំបន់ភាគខាងត្បូងប្រទេសទាំងមូលនេះ​ នឹងត្រូវចូលជាធរមាននៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យទី១៨​ កក្កដា​នេះ ហើយតំបន់ដីសណ្ដរទន្លេមេគង្គ និងតំបន់នានាក្នុងទីក្រុងហូជីមិញ ក៏នឹងត្រូវស្ថិតនៅក្រោមការអនុវត្តវិធានការបិទខ្ទប់នេះដែរ។ ចំណែក​ទីក្រុងហូជីមិញ ដែលជាចំណុចកណ្ដាលនៃករណីឆ្លង COVID-19 នៅប្រទេសវៀតណាម​ ត្រូវបានបិទខ្ទប់ទាំងស្រុងអស់រយៈពេលមួយសប្ដាហ៍មកហើយ។

គួរបញ្ជាក់ថា​ បើតាមអាជ្ញាធរវៀតណាម បានសង្កត់ធ្ងន់ថា​៖​ ការជួបជុំចាប់ពី ២នាក់ឡើងទៅនៅតាមទីសាធារណៈត្រូវបានឃាមឃាត់ លើកលែងតែការជួបជុំរបស់អាជ្ញាធរ, មន្ទីរពេទ្យ ខណៈប្រជាជនអាចចេញក្រៅផ្ទះបានសម្រាប់តែការទិញម្ហូប, ថ្នាំពេទ្យ ឬករណីពិសេសបន្ទាន់ដែលអាជ្ញាធរ អនុញ្ញាតតែប៉ុណ្ណោះ។

បច្ចុប្បន្ន​នេះ​ ប្រទេស​វៀតណាម​ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៤៥,៨៨៤នាក់ ក្នុងនោះស្លាប់២២៥នាក់​ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ៕