ប្រទះ​ឃើញ​គ្រាប់បែក និង​គ្រាប់កាំ​ភ្លើង​​ជា​ច្រើន​ ក្នុង​បរិវេណ​ផ្ទះមន្រ្តីនគរបាលខេត្តសៀមរាបម្នាក់​

ខេត្តសៀមរាប៖ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងនៅថ្ងៃទី១៨​ ខែកក្ដដា​ ឆ្នាំ​២០២១នេះថា​ មានករណីប្រទះ​ឃើញ​គ្រាប់បែកដៃ និង​គ្រាប់កាំភ្លើង​ជាង​ចំនួន​៣០​គ្រាប់ចាស់​ៗ​ នៅ​ក្នុង​បរិវេណ​ផ្ទះ​មន្រ្តីនគរបាលចរាចរណ៍ម្នាក់​ ពី​ខាងក្រោយ​ឆៀង​ខាងជើង​របងបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិផងដែរ។ បន្ទាប់ពី​​ប្រទះ​ឃើញ​គ្រាប់បែកដៃ និង​គ្រាប់កាំភ្លើង​ទាំងអស់នេះ​ កម្លាំងសមត្ថកិច្ចជំនាញ​ ​ក៏​បាន​រាយការណ៍​ទៅ​មន្ត្រី​កងឯកភាព​កំចាត់​មីន​ទី​៤ នៃ​ខេត្តសៀមរាប ដើម្បី​យក​ទៅ​រក្សា​ទុក​។​

ហេតុការណ៍​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្រ្តីដដែលបន្តថា​ បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​មានឈ្មោះ តាន់ ភក្ត្រា អាយុ​៤៥​ឆ្នាំ​ ជាមន្រ្តីនគរបាលផ្នែក​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​អាសយដ្ឋាន​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប បាន​ប្រទះ​ឃើញ​មាន​គ្រាប់បែកដៃ​ប្រភេទ No-36 ចំនួន​៣​គ្រាប់ និង​គ្រាប់កាំភ្លើង​មិន​ស្គាល់​ប្រភេទ​ចំនួន​៣០​គ្រាប់ ដែល​ជា​របស់​ចាស់​ៗ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ជីកដី​ដំណាំ (​ជី និង​គល់​ស្លឹកគ្រៃ ) នៅ​កៀន​របង​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់​។

ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​គ្រាប់បែកដៃ​ប្រភេទ No-36 ចំនួន​៣​គ្រាប់ និង​គ្រាប់កាំភ្លើង​មិន​ស្គាល់​ប្រភេទ​ចំនួន​៣០​គ្រាប់​ បាន​ប្រគល់​ជូន​កម្លាំង​មន្ត្រី​ជំនាញ​កងឯកភាព​កំចាត់​មីន​ទី​៤(​ស៊ី​ម៉ាក់ ) នៃ​ខេត្តសៀមរាប ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព រង់ចាំ​កម្ទេច​ចោល​៕