ករណី​គ្រោះទឹកជំនន់នៅអាល្លឺម៉ង់ និងប៊ែលហ្សិក ធ្វើ​ឱ្យ​ចំនួនអ្នកស្លាប់កើនដល់ ១៧០នាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ហេតុការណ៍​គ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍មកនេះនៅទ្វីបអឺរ៉ុប​ បានធ្វេីឱ្យចំនួនមនុស្សស្លាប់កើនដល់ ១៧០នាក់ហើយនៅក្នុង ប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយក្នុងនោះអាល្លឺម៉ង់ បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។

សូមជម្រាបថា​ គិតត្រឹមល្ងាចថ្ងៃសៅរ៍ទី១៧​ ខែកក្ដដា​ម្សិលមិញនេះ​ ចំនួនមនុស្សស្លាប់នៅអាល្លឺម៉ង់តែឯង មានចំនួនរហូតដល់ទៅ ១៤៣នាក់ឯណោះ ដោយសារតែពួកគេត្រូវបានទឹកជំនន់ និងគ្រោះរអិលបាក់ដីនាំយកទៅជាមួយនៅតំបន់ ណតស៍ រ៉ាញ វែតស៍ផេលា (North Rhine-Westphalia)។

ជាមួយគ្នានេះ​ ប្រជាជននៅអាល្លឺម៉ង់ជាង ១,៣០០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយស្ថិតក្នុងរដ្ឋ រ៉ាញលែនដ៍ ផាឡាទីណេត (Rhineland-Palatinate)។ បច្ចុប្បន្ន​អាល្លឺម៉ង់​ ក៏បានបញ្ជូនយោធាឲ្យទៅស្វែងរក និងសង្គ្រោះអ្នកបាត់ខ្លួនទាំងនោះផងដែរ។

ដោយឡែកនៅប្រទេសប៊ែលហ្សិកវិញ មនុស្សសរុបជាង ២៧នាក់ត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្លាប់ និង ១០៣នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ដូចខាងលើនេះ។ គ្រោះទឹកជំនន់ និងការបាក់ដីបានកើតមានឡើង ក្រោយតំបន់ភាគកណ្តាលនៃទ្វីបអឺរ៉ុបនេះ បានទទួលរងភ្លៀងធ្លាក់ដ៏អាក្រក់ រហូតដល់ចំនួនទៅ ២៤ម៉ោងជាប់ៗគ្នា ដែលមិនធ្លាប់មាននោះឡើយ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕