នគរបាល​ខណ្ឌដូនពេញ​ ឆ្មក់បង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ០៨នាក់ ដកហូតសារធាតុញៀន ចំនួន២៧កញ្ចប់តូចធំ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ ចុះបង្រ្កាបជនសង្ស័យ ០៨នាក់ ក្នុងនោះស្រី២ ប្រុស៦នាក់ ពីរករណីផ្សេងគ្នា ពាក់ព័ន្ធ ករណីជួញដូរ និង ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដកហូតសារធាតុញៀន ២៧កញ្ចប់តូចធំ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ០៦ល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចំណុចផ្ទះសំណាក់យីយោ អិល អេស ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាអ្នកចែកចាយគ្រឿងញៀន មានឈ្មោះ សេង ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។

លោក ម៉ៅ ចាន់ថុន អធិការងទទួលផែនគ្រឿងញៀនខណ្ឌដូនពេញ បានឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់យីយោ អិល អេសតាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សាថ្មីទី៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិង ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៧កញ្ចប់ (ធំ ០៤កញ្ចប់), ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ០៨នាក់ រួមនិង វត្ថុតាង ក្រាមសថ្លាទាំង ២៤កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕