ស្រ្ដីវ័យចំណាស់ម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង និង៥នាក់ របួសធ្ងន់ស្រាលដោយសារភ្លើងឆេះផ្ទះ
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់អីវ៉ាន់មួយល្វែងផ្ទះ បណ្ដាលឱ្យស្រ្ដីវ័យចំណាស់ម្នាក់ស្លាប់ និងមនុស្សប្រុសស្រី៥នាក់ទៀត រងរបួសធ្ងន់ស្រាល បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុ ការណ៍គ្រោះអគ្គិភ័យនេះកើតឡើងកាលពីម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅផ្ទះលេខ៣២តាមបណ្ដោយផ្លូវលេខ២២១ កែវនឹងផ្លូវលេខ១៤៦ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ ផ្ទះដែលភ្លើងឆាបឆេះ ជាផ្ទះរបស់ប្រជាពលរដ្ឋប្រកបមុខរបរលក់ដូរ អីវ៉ាន់ចាប់ហួយ រួមមានលក់សាំង ច្រកដប ផងដែរ។ អគ្គិភ័យនេះកើតឡើងដោយសារតែរលំដបសាំង បង្កជាអណ្ដាតភ្លើងឆាបឆេះពេញផ្ទះតែម្ដង ខណៈនោះប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ជាច្រើនបំពង់ផងដែរតែមិនអាចគ្រប់គ្រងបាន ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះបានមកដល់កន្លែងកើតហេតុក៨ជួយបាញ់ពន្លត់ភ្លើងជាស្ថាពរ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យមានមនុស្សស្រី្ដវ័យចំណាស់ម្នាក់ស្លាប់ឈ្មោះយ៉ន ស្រុីប អាយុ៧១ឆ្នាំ រស់នៅផ្ទះកើតហេតុជាន់លើ និង៥នាក់ ក្នុងនោះ ស្រី៤នាក់និងប្រុសម្នាក់ រងរបួសធ្ងន់ស្រាល ១-ឈ្មោះ អ៊ួន សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងកាត់ដេរ (របួស)។ ២-ឈ្មោះ ស៊ូ ស៊ីថា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកាត់ដេរ (របួស)។ ៣-ឈ្មោះ អ៊ួន ភឿនលីលីហ្សា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (របួស)។ ៤-ឈ្មោះ អ៊ុន ភឿនលីលីកា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (របួស)។ ៥-ឈ្មោះ គៀត ឡាង ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ (របួស) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយឆេះម៉ូតូ៤គ្រឿង និងសម្ភារនៅក្នុងផ្ទះទាំងស្រុង។
លោក នាយការិយាល័យ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដើម្បីបាញ់ទឹកពន្លត់រអស់ចំនួន១២គ្រឿង ៕