ព្រះសមាគមន៍កាតូលិក ភូមិភាគភ្នំពេញ រៀបចំយុទ្ធនាការ អាហារកញ្ចប់រយៈពេល៧ថ្ងៃ ចែកជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាត

ភ្នំពេញ ៖ ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ បានរៀបចំយុទ្ធនាការ អាហារកញ្ចប់ រយៈពេល៧ថ្ងៃ ដោយក្នុងមួយថ្ងៃមានកញ្ចប់អាហារ រហូតដល់៥០០កញ្ចប់ ចែលជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ។

លោក ស៊ាន់ សារឿន ជាប្រធានការិយាល័យយុវជន ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ និងជាសហការី ក្នុងចំណោមសហការី ក្រុមសង្គ្រោះបន្ទាន់ ព្រះសមាគមន៍កាតូលិក ភូមិភាគភ្នំពេញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាល អូលីវីយ៉េ ដែលលោកបង្កើតក្រុមសង្គ្រោះបន្ទាន់នេះឡើង ដើម្បីចែកជូន ជាសម្ភារៈ និងអាហារខ្លះៗ ដល់បងប្អូនប្រជាពលរដ្ឋ មួយចំនួន កំពុងតែជួបការលំបាក ដោយសារវិបត្តិនៃការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងតំបន់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោក ស៊ាន់ សារឿន បន្តអោយដឹងថា នេះគឺជាយុទ្ធនាការ ផ្តល់កញ្ចប់អាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត មានអ្នកប្រមូលសម្រាម អ្នករើសអេតចាយ កម្មករសំណង អ្នករត់រឺម៉ក ស៊ីក្លូ និងអ្នកនេសាទជាដើម រួបទាំងបងប្អូនខ្មែរឥស្លាមផង ដើម្បីសម្រាលទុកលំបាកខ្លះ ។ ដោយទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ គឺមានរយៈពេល៧ថ្ងៃមកហើយ ហើយថ្ងៃនេះ ជាថ្ងៃទី០៧ ផងដែរ ក្នុងយុទ្ធនាការ ចុះចែកកញ្ចប់អាហារ ជូនដល់ពួកគាត់ ដោយក្នុងមួយថ្ងៃ ព្រះសមាគមន៍កាតូលិក ភូមិភាគភ្នំពេញ ធ្វើអាហារ ចំនួន៥០០កញ្ចប់ ហើយរហូតមកដល់ថ្ងៃនេះគឺមាន ចំនួន៣៥០០កញ្ចប់ ដោយក្នុងមួយកញ្ចប់ មានដូចជា មី ត្រីខ បាយ ម្ហូប ផ្លែឈើ ទឹកបរិសុទ្ធ រួមទាំងម៉ាស មួយកញ្ចប់ផងដែរ។

លោក ប្រធានការិយាល័យយុវជន ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ រូបនេះបញ្ជាក់បន្ថែមថា មុននិងយុទ្ធនាការ បាយកញ្ចប់នេះ កាលពីពេលកន្លងមក ព្រះសមាគមន៍កាតូលិក ក៏បានរៀបចំ ចែកជាស្បៀងអាហារ មានដូចជា អង្ករ បន្លែ ត្រី សាច់ និងរបស់របរមួយចំនួនទៀត ដល់បងប្អូនប្រជាពលរដ្ឋ ប្រមាណជា ១០០០គ្រួសាររួមចមកហើយដែរចាប់ពីមានការបិទខ្ទប់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្នុងក្រុងតាខ្មៅ។

លោក ស៊ាន់ សារឿន បន្តអោយដឹងថា ក្នុងនាម ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ ក្នុងនាម លោកអភិបាល អូលីវីយ៉េ មានក្តីសោមនស្ស ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ចែកជូនជាស្បៀងអាហារ ដល់បងប្អូនប្រជាលរដ្ឋ ដែលមានការខ្វះខាត។

ជាចុងក្រោយ លោក ស៊ាន់ សារឿន ជាប្រធានការិយាល័យយុវជន ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ សូមថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និងសូមអរគុណ ដល់ក្រុមគ្រូពេទ្យ ដែលបានលះបង់ពេលវេលា ទាំងកំលាំងកាយកំលាំងចិត្ត ក្នុងការមើលថែ អ្នកជំងឺ ដែលកំពូងសម្រាកព្យាបាល ជំងឺកូវីដ១៩ ក៏ដូចជាអរគុណដល់ បង កងកំលាំង មានសមត្ថកិច្ចផងដែរ។ ជាពិសេសអរគុណលោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលបានលើកទឹកចិត្តដល់យ៉ាងខ្លាំង ទាំងកំលាំកាយចិត្ត ប្រាជ្ញាស្មារតី ថវិការ និងសម្ភារ អង្ករ បន្ថៃជាដើម ពីចំការព្រះសហគមន៍ផ្ទាល់ និងអរគុណដៃគូសហការ គឺអង្គការការីតាសកម្ពុជា ដែលជួយសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យកិច្ចការទាំងនេះប្រព្រឹត្តទៅដោយរលូន សម្រាប់បម្រើសេចក្តីត្រូវរបស់បងប្អូនខ្វះខាត ក្នុងតំបន់ហានិភ័យខ្ពស់៕