បើកវិញហើយ! សមត្ថកិច្ច ចុះបិទមិនទាន់បាន១អាទិត្យផង ទីតាំងអ៊ិនធើណេតកាហ្វេ បង្កប់លេងល្បែងស៊ីសងតាមអនឡាញ នៅបឹងត្របែក ដំណើរការធម្មតាវិញ ដោយមិនខ្លាចឆ្លងជម្ងឺកូវីដ១៩ សោះ

ភ្នំពេញ ៖ នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២១នេះ គេសង្កេតឃើញទីតាំងអាជីវកម្មសេវាអ៊ិនធើណេតកាហ្វេ ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៤៦៦ កែងផ្លូវ១០១ ក្នុងភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបើកដំណើរការលេងឡើងវិញហើយ បន្ទាប់ពីសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបនិងផ្អាកដំណើរការ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងនោះអាជ្ញាធរបានត្រួតពិនិត្យឃើញថាទីតាំងនេះពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេនឹងបានបង្កប់លេងល្បែងស៊ីសងតាមអនឡាញខុសច្បាប់ផងដែរ។

ពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីទីតាំងអាជីវកម្មសេវាអ៊ិនធើណេតកាហ្វេ បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទខាងលើនេះបើកលេងបានដោយមិនខ្លាចការឆ្លង និងរីករាលដាលនៃជម្ងឺកូវីដ១៩ ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយើង ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានធ្វើការណែនាំកុំឲ្យប្រមូលផ្ដុំគ្នា និងប្រើវិធានការបង្ការ ទប់ស្កាត់ជាច្រើនទៀតក្ដី ក៏មិនអនុវត្តន៍តាមឡើយ៕