ជនសង្ស័យ៣នាក់ ជិះម៉ូតូឌុបគ្នា ឆក់កាបូបលុយពីស្ត្រីម្នាក់ បានសម្រេច គេចខ្លួនដោយសុវត្តិភាព

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច ដែលមានទឹកប្រាក់២០០ដុល្លារ រួចនាំគ្នាជិះគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ មុំ ធីតា អាយុ៣៩ឆ្នាំ មុខរបបកម្មការនីរោងចក្រ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ភ្នាក់ងារកាសែតនគរដ្រេហ្គនឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ចេញពីធ្វើការរោងចក្រនៅម្ដុំផ្លូវសេះសរ សង្កាត់ស្ទឹងមានជ័យ៣ដើម្បីមកមន្ទីរពេទ្យរុស្ស៊ីមើលបងប្អូនកំពុងសម្រាកព្យាបាលជម្ងឺ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានឌុបគ្នាមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់បានសម្រេច រួចជិះម៉ូតូឌុបគ្នាគេចខ្លួនដោយសុវត្តិភាព។

ក្រោយកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះខាងលើបានបន្តដំណើរមកខាងក្រោមស្ពានស្ទឹងមានជ័យ ដើម្បីរកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហើយពេលនោះក៏មានបងប្អូនអ្នកសារព័ត៌មានជួយប្រាប់ទីតាំង ប៉ុស្ដិ៍មូលដ្ឋាន និងនាំទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២ ដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ ចាប់យកមកផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ផងដែរថាជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជនសង្ស័យជួញដូរគ្រឿងញៀនជិត១គីឡូរត់រួចពីប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មិនទាន់ចាប់បានមកវិញនៅឡើយទេ៕