នាំគ្នាទៅដើរលេងចូលឆ្នាំចិន មកវិញចោរគាស់ផ្ទះលួចយកលុយ ម៉ូតូ គ្រឿងអលង្កា សរុបអស់ជាង២ម៉ឺនដុល្លារ

ភ្នំពេញ ៖ ម្ចាស់ផ្ទះម្នាក់មុនចាកចេញពីផ្ទះបានចាក់សោផ្ទះយ៉ាងត្រឹមត្រូវ តែពេលត្រលប់មកពីដើរលេងតាមខេត្តវិញបែរជាត្រូវចោរគាស់ផ្ទះលួចយកលុយ ម៉ូតូនិងគ្រឿងអលង្ការសរុបជាង២ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុច ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផល ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរម៉ៅការសំណង់ស្នាក់នៅផ្ទះកេីតហេតុខាងលេីបានប្រាប់ឱ្យដឹងថា គាត់បានបាត់បង់សម្ភារដូចជាខ្សែដៃពេជ្រ១ខ្សែមានតម្លៃ១៤.០០០ដុល្លារ, ក្រវិលពេជ្រ៣គូ តម្លៃ៩.០០០ដុល្លារ, ខ្សែកប្លាទីន៤ខ្សែក្នុង១ខ្សែតម្លៃ៦០០ដុល្លារ, ខ្សែដៃប្លាទីន៤ខ្សែក្នុង១ខ្សែតម្លៃ១.៣០០ដុល្លារ, លុយដុល្លារអាមេរិក៤.៨០០ដុល្លារ, ម៉ូតូ៣គ្រឿងម៉ាក ឃ្លីក១គ្រឿងមិនចាំស្លាកលេខម៉ាកscoopy៣គ្រឿងសរុបទាំងអស់ជាង២មុឺនដុល្លារ។

បើតាមប្រភពព័ត៌មានឱ្យដឹងថា ម្ចាស់ផ្ទះមិននៅផ្ទះទេដោយបានទៅដើរលេងតាមខេត្ត ហើយអ្នកជិតខាងបានឃើញសោផ្ទះរបូតចេញពីទ្វារដែកដោយសង្ស័យថាត្រូវចោរគាស់ផ្ទះក៏ទូរស័ព្ទទៅប្រាប់ម្ចាស់ផ្ទះរួចម្ចាស់ផ្ទះបានទូរស័ព្ទឱ្យបងប្អូនរបស់គាត់មកមើលស្រាប់តែឃើញសភាពរាយប៉ាយពេញផ្ទះហើយសម្ភារល្អៗត្រូវចោរលួចអស់ ។

នៅក្នុងមួយរយៈពេលនេះគេសង្កេតឃើញថាករណីចោរកម្មនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនមានកើតចោរគាស់ផ្ទះចំនួន២លើកមកហើយ គឺនៅលើកទី១កើតនៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២០ម្ចាស់ផ្ទះបាត់លុយនិងគ្រឿងអលង្ការសរុបជិត១ម៉ឺនដុល្លារដែរ។

លើកទី២នៅថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ ២០២១ ហើយករណីទី១នោះមិនទាន់បង្រ្កាបបាននៅឡើងទេឥឡូវបានកើត១លើកទៀត។ប្រជាពលរដ្ឋបានសំណូមពរឱ្យលោក អ៊ុក សាវឿន នាយប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ ជួយល្បាតក្នុងមូលដ្ឋានផង ពិព្រោះសព្វថ្ងៃនេះប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងណាដ់ដោយភាគច្រើនប្រជាពលរដ្ឋក្នុងសង្កាត់ទួលទំពូងទី២ច្រើនតែជាអាជីវករលក់ដូរតាមផ្សារនិងបុគ្គលិកក្រុមហ៊ុនឯកជន។ ជាក់ស្ដែងចោរគាស់ផ្ទះពេលម្ចាស់ផ្ទះទៅលេងស្រុកកំណើតឬទៅលេងតាមខេត្តត្រូវជនសង្ស័យមកលួចគាស់បើកទ្វារផ្ទះជញ្ជូនសម្ភារចេញពីក្នុងផ្ទះប្រសិនអ្នកមិនស្គាល់ស្មានតែម្ចាស់ផ្ទះរើផ្ទះទាំងយប់ទៀតផង។

ដូច្នេះ ប្រជាពលរដ្ឋក្នុងសង្កាត់ទួលទំពូងទី២ ស្នើសុំឱ្យលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នងការរាជធានីភ្នំពេញជួយត្រួតពិនិត្យប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ឱ្យមានការចេញកម្លាំងល្បាតក្នុងមូលដ្ឋានផង៕