មន្ត្រីនគរបាល យោធា និងអាវុធហត្ថ ចូលនិវត្តន៍ ចំនួន៣៧គ្រួសារ មកពី៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ បានទទួលអំណោយពីឧត្តមសេនីយឯក យឹម លាង

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានជួបសំណេះសំណាល និងនាំយកអំណោយ ឧត្តមសេនីយឯក យឹម លាង អគ្គស្នងរងនគរបាលជាតិ តាមរយៈជំទាវ ស៊ន សៀវម៉ី ចែកជូនដល់អតីតយុទ្ឋជនជាមន្ត្រីនគរបាល យោធា និងអាវុធហត្ថ ដែលចូលនិវត្តន៍ ចំនួន៣៧គ្រួសារ មកពី៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ។

ថ្លែងក្នុងពិធីសំណេះសំណាល លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌប្ញស្សីកែវ តំណាង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានអតីតយុទ្ធរាជធានី បានអោយដឹងថា ៖ កម្មវិធីជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន រួមមានមន្រ្តីនគរបាល មន្រ្តីយោធា និងមន្រ្តីអាវុធហត្ថ ដោយបានផ្តល់ជាអំណោយបន្តិចបន្តួចនេះ ជាលើកទី២ហើយ ហើយការជួបសំណេះសំណាលនេះ នឹងធ្វើឡើង តាមដំណាក់កាល រហូតអោយគ្រប់អតីតយុទ្ធជនចំនួន៤០៦នាក់។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌប្ញស្សីកែវ ថ្លែងបន្តថា បើគ្មានអតីតយុទ្ធជន ដែលជាវីរៈយុទ្ធជន និងជារាមច្បង សុទ្ធតែជាអ្នកតស៊ូ ធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ក៏ប្រហែលជាគ្មានថ្ងៃនេះដែរ ដែលកន្លងមក បានចូលរួមជួយអោយយើង ទទួលបានសេចក្តីសុខ និងសុវត្ថិភាព។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ថ្លែងសង្កត់ធ្ងន់ថា លោកតែងតែអោយមន្រ្តីតាមមូលដ្ឋាន យកចិត្តដាក់ ដាច់មិនបោះបង់ចោល អតីតយុទ្ធជន។

ក្រៅពីការផ្តាំផ្ញើសួរសុខទុក្ខ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏សូមអោយបងប្អូន អតីតយុទ្ធជន ថែរក្សាសុខភាពអោយបានល្អ ក្នុងនោះដែរចូលរួមថែរក្សាបរិស្ថាន ជុំវិញ ដោយត្រូវវេចខ្ចប់ សំរាម អោយបានត្រឹមត្រូវ និងសូមសំណូមពរ ដល់អតីតយុទ្ធជន ប្រសិនក្នុងមូលដ្ឋាន មានបញ្ហាអសន្តិសុខ គឺរាយការណ៍មកលោកផ្ទាល់ លោកចាត់កំលាំងចុះអន្តរាគមន៍ ភ្លាមៗ អោយទាន់ពេលវេលា ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ក្នុងបរិបទសម័យជំងឺកូវីដ១៩ លោកអធិការក៏សូមអោយ ចូលរួមថែរក្សាអនាម័យ ដោយពាក់ម៉ាស់ បាញ់អាល់កុល លាងដៃជាមួយជៀល ឬ សាប៊ូ អោយបានទៀងទាត់។

អំណោយរបស់ ឧត្តមសេនីយ៍ឯក យឹម លាង តាមរយៈលោកជំទាវ ស៊ន សៀវម៉ី ដែលផ្តល់ជូនមន្ត្រីរាជការចូលនិវត្តន៍ នាពេលនេះ រួមមាន ៖ ថវិកា ចំនួន ៥ម៉ឺនរៀល, អង្ករ, ទឹកសុទ្ធ ១កេស, ទឹកផ្លែឈើ ១កេស, មី ១កេស, ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕