រឿងរ៉ាវលក់ដីឲ្យគេ តែមិនព្រមចុះចេញ! តុលាការគ្រប់ជាន់ថ្នាក់សម្រេចឲ្យម្ចាស់ដីឈ្នះ និងឲ្យភាគីចាញ់ក្តីរុះរើចេញ, ទោះសមត្ថកិច្ចចុះអនុវត្តសាលដីកា ជាច្រើនលើក

ភ្នំពេញ ៖ រឿងក្តីវិវាទដីធ្លីជាយូរឆ្នាំមួយ នៅតែមិនទាន់ដោះស្រាយ បញ្ចប់នៅឡើយ បើទោះបីជាតុលាការ គ្រប់ជាន់ថ្នាក់បានសម្រេចឲ្យភាគីម្ចាស់ដីឈ្នះក្តី យ៉ាងណាក្តី ក៏ភាគីម្ខាងទៀតមិនព្រមអនុវត្តន៍ តាមសេចក្តីសម្រេចរបស់តុលាការ ដោយបន្តរស់នៅលើដី របស់គេមិនព្រមរុះរើចេញនោះឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ អាជ្ញាធរ បានចុះទៅអនុវត្តសាលសាលដីកា ម្តងទៀត ក៏ភាគីម្ខាងទៀតនៅតែមិនព្រម រុះរើ និងចាកចេញ ហើយថែមទាំងឃើញមាន សំណង់ថ្មីៗ ជាច្រើន រួមទាំងមានបើកហាងលក់គុយទាវថែមទៀតផង។

រឿងក្តីសុំដីរស់នៅបណ្តោះអាសន្ន ដល់ពេលម្ចាស់គេត្រូវការមិនព្រមចាកចេញនេះ បានអូសបន្លាយតាំងពីឆ្នាំ២០១០មកម្ល៉េះ ដោយ សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ទរណ៍ និង តុលាការកំពូលសុទ្ធតែបានកាត់ក្តីឲ្យម្ចាស់ដីឈ្នះ។

ភាគីម្ចាស់ដី ដែលមាន ឈ្មោះ សោម មុនី ភេទស្រី រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។ ដោយឡែកភាគី ដែលសុំដីគេស្នាក់នៅ ហើយមិនព្រមរុះរើចេញនោះ មានឈ្មោះ នង ស៊ុគ ភេទស្រី អាយុ៨៣ឆ្នាំ (ស្លាប់) និង ឈ្មោះ ចេង ខន ភេទប្រុស អាយុ៦៦ឆ្នាំ (ស្លាប់) និង មានប្រពន្ធ ឈ្មោះ អោ ស៊ីមាន អាយុ៦៧ឆ្នាំ ដែលរស់នៅលើដីទំនាស់ ក្នុងភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាម ដំណើររឿង សរសេរ ក្នុងដីការបស់តុលាការកំពូលបានរៀបរាប់ថា ៖ ក្នុងអំឡុង ឆ្នាំ២០០០ ឈ្មោះ សោម មុនី (ម្ចាស់ដី) បានទិញដី និង ស៊ីទែន កុងតឺនឺរ ចំនួន៤ និង គល់ឈើ បេង ចំនួន៤ ពីឈ្មោះ ឡ ពន្លក ហៅ ឡ ស៊ីញ ដែលមាន ទំហំ៤០ម៉ែត្រ គុណ៨៩,៥ម៉ែត្រ ទីតាំងស្ថិតនៅ ភូមិអង្កាញ់ ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល (កាលមិនទាន់កាត់ចូលមករាជធានីភ្នំពេញ) ក្នុងតម្លៃសរុប ២៥.០០០ដុល្លារ អាមេរិក ហើយបានធ្វើការកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិពីភាគី អ្នកលក់ឲ្យមកអ្នកទិញត្រឹមត្រូវតាមបែបបទនីតិវិធីសុរិយោដី (វិញ្ញាណបត្រសំគាល់ម្ចាស់អចលនវត្ថុលេខកណ ០០៩៧៩៥ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០១)។

នៅពេលដែល ឈ្មោះ សោម មុនី ទិញដីពីឈ្មោះ ឡ ពន្លក រួចហើយ ឈ្មោះ ឡ ពន្លក បាននាំឈ្មោះ សោម មុនី ទៅជួបឈ្មោះ នង ស៊ុគ (អ្នករស់នៅលើដីគេមិនព្រមចេញ) ហើយឈ្មោះ ឡ ពន្លក បានប្រាប់ ឈ្មោះ នង ស៊ុគ ថាគាត់បានលក់ដីឲ្យ មកឈ្មោះ សោម មុនី ហើយ ពេលនោះ នង ស៊ុគ បានប្រាប់ថា ដីទំនាស់នេះគាត់សុំ ឈ្មោះ ឡ ពន្លក ស្នាក់នៅបណ្តោះអាសន្នទេ ដើម្បីសុំដាំបន្លែ ដើម្បីចិញ្ចឹមជីវិត តែ នៅពេលត្រូវការពេលណាគាត់នឹងចាកចេញពីដីនេះភ្លាម។ សូមបញ្ជាក់ផងដែរថា ឈ្មោះ នង ស៊ុគ បានស្នាក់នៅជាមួយកូនស្រីឈ្មោះ ចេង ស៊ីនួន និងកូនប្រសារប្រុសឈ្មោះ អេង ចន្ថា ដែលពេលនោះ ជាកម្មករធ្វើការអោយ ឈ្មោះ ឡ ពន្លក។

លុះដល់ អំឡុង ខែកញ្ញា ឆ្នាំ ២០១០ ម្ចាស់ ដី ឈ្មោះ សោម មុនី បានប្រាប់ទៅ ឈ្មោះ នង ស៊ុគ ឲ្យចាកចេញពីលើដីនេះ ព្រោះត្រូវការដីនេះ យកមកប្រើប្រាស់វិញស្រាប់តែ ឈ្មោះ នង ស៊ុគ ពុំព្រមចាកចេញ ទេ មិនតែប៉ុណ្ណោះ ឲ្យកូនៗ របស់គាត់ សង់ខ្ទមឈើបន្ថែម នៅលើដីទំនាស់នេះថែមទៀត ហើយបែរជា ថាភាគីអ្នកទិញដីគាត់ ឈ្មោះ ឡ ពន្លក ពុំទាន់បង់ប្រាក់ ឲ្យគាត់គ្រប់ចំនួនទៅវិញ។ ទើបជំរុញឲ្យម្ចាស់ដីប្តឹងទៅ តុលាការ ដើម្បីឲ្យដោះស្រាយជូន។

យោងតាមចម្លើយសាក្សីរបស់លោកស្រី សោម មុនី (អ្នកឈ្នះក្តី) រួមមានកូនបង្កើតកូនប្រសារ ដន្លង ក្មួយ ចៅ របស់យាយ នង ស៊ុគ និងអ្នកភូមិ ជិតខាង ចំនួន៣៥នាក់ រួមទាំងចៅសង្កាត់ មេភូមិ របស់ នង ស៊ុគ និង ចេង ខន បានឆ្លើយបំភ្លឺ អំពីការពិត តាមរយៈវីដេអូរបញ្ជាក់ថា ឈ្មោះ នង ស៊ុគ និង ឈ្មោះ ចេង ខន បានលក់ដីពិតជាទទួលមាសថ្លៃដីគ្រប់ចំនួនពីអ្នកទិញ ហើយយកទៅទិញដីអ្នកជិតខាង ឈ្មោះ អែម ឡៃ និង អ៊ុង ជួន ហើយបានចែកកូនៗ ម្នាក់ៗ ៣-៥ជីមាស រួមជាមួយ ភស្តុតាងដទៃៗទៀតទើបតុលាការ ទាំង៣ថ្នាក់ បានសម្រេចឲ្យម្ចាស់ដី ឈ្មោះ សោម មុនី ឈ្នះក្តី។ ចំណែក ឈ្មោះ ចេង ខន និងគ្រួសារបានរុះរើផ្ទះចេញពីដី ដែលបានលក់អោយមក ឈ្មោះ ឡ ពន្លក តាំងពីឆ្នាំ១៩៩១ ទៅទិញដីផ្ទះនៅជិតរោងចក្រស្រាបៀរ Tiger និងរោងចក្រកាត់ដេរ ក្រោយមកទៀត ធ្លាក់ខ្លួនសង់ខ្ទមនៅលើចិញ្ចើមផ្លូវ (ដីចំណីផ្លូវ) ជិតរោងចក្រជាច្រើនឆ្នាំ លុះដល់ឆ្នាំ២០១០ ត្រូវបានយាយ នង ស៊ុគ ហៅអោយចូលមកនៅលើដី ទំនាស់វិញ។

បន្ទាប់មកនៅ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៧ លោក ខាំ សុផារី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំគណៈកម្មការ ចម្រុះចុះអនុវត្តសាលដីកា របស់តុលាការកំពូល ប៉ុន្តែត្រូវបានភាគីចាញ់ក្តី បានកេណ្ឌកម្លាំងប្រជាពលរដ្ឋ៣០នាក់ មកពីតំបន់ផ្សេង មករារាំងការអនុវត្តន៍នេះ ទើបកម្លាំងគណៈកម្មការ លើកពេលអនុវត្តន៍សាលដីការនិងឲ្យភាគីចាញ់ក្តីរុះរើ ចេញដោយស្ម័គ្រចិត្ត ដោយកំណត់ពេល៣០ថ្ងៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់រុះរើចេញដោយ ស្ម័គ្រចិត្តនោះទេ។

ម្ចាស់ដីបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ គណៈកម្មការចម្រុះចុះអនុវត្ត សាលដីការបស់តុលាការ កំពូលជាលើកទី៣ និងស្នើឲ្យគណៈកម្មការអនុវត្តន៍មានប្រសិទ្ធភាពចំពោះ ករណីនេះ ព្រោះរូបគាត់ខាតបង់ច្រើនលុយក៏អស់ដីមិនទាន់បានគ្រប់គ្រងទៀត។ ប៉ុន្តែការអនុវត្តនោះ ក៏នៅតែភាគីម្ខាងទៀតមិនព្រមដដែល។

សូមបញ្ជាក់ថា ឈ្មោះ នង ស៊ុគ និង ឈ្មោះ ចេង ខន បានទទួលមរណៈភាពហើយ បច្ចុប្បន្ននៅតែឈ្មោះ អោ ស៊ីមាន ដែលត្រូវជាប្រពន្ធ របស់ឈ្មោះ ចេង ខន និងត្រូវជាកូនប្រសារ របស់លោកយាយ នង ស៊ុគ។ ហើយបញ្ហាទំនាស់ដីធ្លីនេះ សាធារណៈជនអាចស្វែងយល់ ការពិត តាមរយៈការសាកសួរ អ្នកភូមិបោះអង្កាញ់ ពីដើមភូមិដល់ចុងភូមិ ដែលមានគេហដ្ឋាន សងខាង និងទល់មុខដីទំនាស់នេះ នឹងអាចដឹងពីរឿងពិតជាកជាមិនខាន។ ចំពោះឯកសារបំភ្លឺ របស់កូនចៅ លោកយាយ នង ស៊ុគ និងអ្នកជិតខាង ជាលាយលាក់អក្សរ និងមានជាវីដេអូរ គឺមានតម្កល់នៅតុលាការ ទាំង៣ថ្នាក់៕