បើកវិញហើយ អ៊ីនធើណេត២៤ម៉ោង ក្បែរច្រកចូលអធិការនគរបាលខណ្ឌចំការមន ក្រោយពីអាជ្ញាធរចុះបិទបានតែមួយដង្ហើមចង្រិត

ភ្នំពេញ ៖ បើទោះបីជាអនុសាស្រ្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគ្រប់ខេត្ត ក្រុង រាជធានី លុបបំបាត់រាល់ល្បែងស៊ីសងទាំងអស់ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ដោយ។ បញ្ហាទាំងនេះ គេក៏សង្កេតឃើញដែរថា ទីតាំងអ៊ីនធើណេត២៤ម៉ោង ក្នុងខណ្ឌចំការមន ដែលបង្កប់ទៅ ដោយល្បែងស៊ីសងភ្នាល់បាល់ ក្រោយពីមានបណ្តាញសារព័ត៌មាន មួយចំនួនបានចុះផ្សាយ គឺបានសម្រេច ផ្អាកដំណើរការមួយមួយរយៈ មែន ប៉ុន្តែ ពេលថ្មីៗនេះ ស្រាប់តែឃើញ បើកដំណើរការវិញយ៉ាងរំភើយ។

ទីតាំងភ្នាដែលជ្រកក្រោមយីហោ អ៊ីនធើណេត២៤ម៉ោង ស្ថិតនៅផ្ទះលេ៨១៩ ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គីក្បែរច្រកចូលអធិការនគរបាលខណ្ឌចំការមន បានើកដំណើរលេងវិញហើយ ក្រោយពីអាជ្ញាធរចុះបិទបានតែមួយដង្ហើមចង្រិត! ហើយទីតាំងនេះ បិទពេលថ្ងៃបើកលេងធម្មតានាពេលយប់។

ជាការពិតណាស់! ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀន បញ្ហាអសន្តិ សុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណ:រសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថា ផ្ទះអ៊ីនធើណេត២៤ម៉ោង នេះ កំពុងបើកចំហរទ្វារទទួលភ្ញៀវញៀនល្បែងចូលលេង ទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀត ដោយបើកលេងគគ្រឹកគគ្រេង គ្មានទេអ្នកបង្ក្រាប រហូតទាក់ទាញឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពីប្រជាពលរដ្ឋ នៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះដោយពុំគិតពីការរៀនសូត្រ។

ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ដោយអនុវត្តតាមការណែនាំ របស់អភិបាលរាជធានីភ្នំពេញ ស្នងការរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមន តែងតែយកចិត្តទុកដាក់ អំពីសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានប្រាប់ដល់លោកអធិការខណ្ឌ និងនាយប៉ុស្តិ៍ទាំងអស់ ត្រូវក្តាប់អោយបានចំពោះទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋាន ខណ្ឌចំការមន៕