ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធីបតីក្នុងពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជានៅខេត្តព្រៃវែង

ព្រៃវែង៖ នៅសាលាឃុំពាមមន្ទារ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃសៅរទី៣០ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ព ស់ក្នុង ពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន២៤០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ ក្រុមការងា រថ្នាក់ស្រុកចុះមូលដ្ឋានឃុំ មន្ត្រីឃុំ-ភូមិ សមាជិក សមាជិកា និងប្រជាពលរដ្ឋ សរុបប្រមា ណ៤៩៥នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋាន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន២៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ប៊ីចេងកន្លះគីឡូ ថវិការក្នុង១គ្រួសារទទួលបាន ៤០,០០០រៀលផងដែរ។ ដោយជាមួយគ្នានោះ ឯកឧត្តម សន្តិបណ្ឌិត បានធ្វើការសាកសួរសុខទុក្ខ ព្រមទាំងបានរំលឹកនូវប្រវត្តិសាស្ត្រ ដែលរូបឯកឧត្តមផ្ទាល់បានឆ្លងកាត់កន្លងមក រហូតមកដល់បច្ចុប្បន្នក្រោមការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាទើបប្រទេសរបស់យើងទទួលបានសុខសន្តិភាព ស្ថិរភាព រួមជាមួយការអភិវឌ្ឍន៍។

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម សន្តិបណ្ឌិត ក៏បានធ្វើការលើកឡើងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន៧ចំណុច ៖
ទី១-ផ្តល់សេវាសាធារណៈ ប្រកដោយគុណភាព តម្លាភាព ប្រសិទ្ធិភាព និងទទួលបានជំនឿទុកចិត្ត ដោយឯកឧត្តមលើកទឹកចិត្តឱ្យមេឃុំដាក់ចិត្តដាក់កាយបម្រើពលរដ្ឋដោយស្មោះ ដោយត្រូវចុះជួយពលរដ្ឋតាមខ្នងផ្ទះនៅពេលដែលគាត់មានតម្រូវការ ដែលទង្វើបែបនេះទើបពលរដ្ឋស្រឡាញ់ និងបន្តបោះឆ្នោតដល់គណបក្សប្រជាជនកម្ពុជា។

ទី២-ភូមិ ឃុំ ដែឡគ្មានបទល្មើសគ្រប់ប្រភេទ គ្មានការលួច ឆក់ ប្លន់ គ្មានគ្រឿងញៀន និងធ្វើឱ្យភូមិ ឃុំគ្មានបទល្មើស។
ទី៣-ភូមិឃុំ ដែលមាន សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួនក្នុងពេលបើកបរផងដែរ។
ទី៤-ភូមិ ឃុំដែលគ្មានអំពើរអានាចារ គ្មានការជួយញដូរមនុស្ស គ្មានការជួញដូរស្ត្រី និងកុមារ ព្រមទាំងគ្មានអំពើរហិង្សាក្នុងគ្រួសារ។
ទី៥-ដោះស្រាវិវាទនៅក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាពនិងដោយសន្តិវិធី ។
ទី៦-មានអនាម័យល្អ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ។
ទី៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងជំងឺកាចសាហាវប្រកបដោយប្រសិទ្ធភាព។
លើពីនេះទៀត ឯកឧត្តម សន្តិបណ្ឌិត បានផ្តាំផ្ញើរឱ្យពលរដ្ឋថែទាំសុខភាព និងប្រកាន់ខ្ជាប់នូវការពាក់ម៉ាសការពារខ្លួនពីជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់ទៅណាឆ្ងាយនៅឡើយទេ បើទោះបីជាប្រទេសរបស់យើងគ្រប់គ្រងស្ថានការណ៍នៃជំងឺនេះបានល្អយ៉ាងណាក៏ដោយ។

ជាចុងក្រោយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះការយកចិត្តទុកដាក់ នូវការខិតខំប្រឹងប្រែងពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចក្នុងពេលកន្លងមកបានល្អ និងបានអញ្ជើញចូលរួមនាឱកាសនេះផងដែរ។

គួរបញ្ជាក់ថា ឃុំពាមមន្ទារ ជាឃុំមួយក្នុងចំណោមឃុំទាំង១៣ស្ថិតក្នុងស្រុកកំពង់ត្របែក ដែលមានភូមិសាស្ត្រជាប់សាងខាងដងទន្លេរកំពង់ត្របែកចាប់ពីស្ពានកំពង់ត្របែករហូតដល់ទល់នឹងព្រំដែនប្រទេសវៀតណាម និងមានភូមិចំនួន១១។ឃុំពាមមន្ទារមានសមិទ្ធិផលសម្រាប់សម្រើសេវាជូនប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការ រួមមានសាលាឃុំ ប៉ុស្ត៍រដ្ឋបាល មណ្ឌលសុខភាព ពិសេសមានស្នាក់ការគណបក្សដែលជាគ្រឹះរឹងមាំ សម្រាប់បម្រើគោលនយោបាយរបស់បក្សមូលដ្ឋាន៕