អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ទទួលសម្លៀកបំពាក់ឈុតខ្មៅចំនួន៣០កំប្លេ ពីស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកឯកសណ្ឋានចំនួន ៣០ឈុត ប្រគល់ជូនកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

ពិធីចែកសម្លៀកបំពាក់ដល់កម្លាំងអន្តរាគមន៍នេះ ស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងចុះដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

អញ្ជើញចូលរួមក្នុងពិធីនេះដែរមានលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ អធិការរង នាយផ្នែកនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោកស្នងការរងបានផ្តាំផ្ញើដល់កម្លាំងអន្តរាគមន៍ទាំងអស់ត្រូវខិតខំប្រឹងប្រែងចេញល្បាតក្នុងមូលដ្ឋានខណ្ឌទប់ស្កាត់បទល្មើសផ្សេងៗកុំឱ្យកើតមានដើម្បីរក្សាសេចក្តីសុខក្សេមក្សាន្ត សុវត្ថិភាពជូនដល់បងប្រជាពលរដ្ឋ៕