ឆេះឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋ នៅខណ្ឌបឹងកេងកង ទាំងកណ្តាលយប់ ដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ ឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់គ្នានោះ ត្រូវបានអគ្គីភ័យឆេះបំផ្លាញ យ៉ាងសន្ធោសន្ធៅ កាលពីម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ឃ្លាំង និងម្ចាស់ផ្ទះសងខាង ដែលរងគ្រោះដោយសារ គ្រោះអគ្គីភ័យនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងឃ្លាំងខាងលើមានផ្ទុកដោយក្រណាត់ ជ័រ ដែក ធុងហ្គាស និងសម្ភារៈផ្សេងៗគ្នា ជាច្រើន។ មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំង មិនដឹងមូលហេតុអ្វីនោះទេ ភ្លាមៗស្រាប់តែកើតមានអណ្ដាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅ និងផ្សែងហុយខ្មួលខ្មាញ់ពាសពេញមេឃ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់ អគ្គីភ័យ និងសង្គ្រោះ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្នុងប្រតិបត្តិការណ៍បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ គឺអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌបឹងកេងកង ជាច្រើននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ ជាច្រើនអង្គភាព ដែលចុះមកអន្តរាគមន៍បាញ់ពន្លត់។

បើគិតត្រឹមម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃដដែល អគ្គីភ័យខាងលើនៅមិនទាន់រលត់ទៅវិញទាំងស្រុងនោះទេ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ(ទឹក) ជាច្រើនគ្រឿង។ ចំពោះមូលហេតុ ក៏មិនទាន់បញ្ចាក់បានច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត។ រីឯមនុស្សក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ៕