ភ្នំពេញ៖ ដើម្បីទប់ស្កាត់ក្រុមឈ្មួញជាអ្នករកស៊ីអ្នកលក់ម៉ាស់ , អាល់កុល ឬសារធាតុសម្លាប់មេរោគ លក់ឲ្យទៅប្រជាពលរដ្ឋយកមកប្រើប្រាស់ក្នុងតម្លៃថ្លៃហួសហេតុ ដើម្បីឆ្លៀតឱកាសកេងចំនិញ ពេលនេះមន្រ្តីជំនាញ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងចុះត្រួតពិនិត្យជាក់ស្តែងនៅតាមឱសថស្ថាននានា ក្នុងរាជធានីភ្នំពេញ ។

យោងតាមគណនីហ្វេសប៊ុករបស់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានឲ្យដឹងនៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះថា ដោយមានការបញ្ជាពីថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ទើបភ្នាក់ងារត្រួតពិនិត្យឱសថនាយកដ្ឋានឱសថ នៃក្រសួងសុខាភិបាល សហការជាមួយមន្រ្តីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយបណ្តាឱសថស្ថាន ឱសថស្ថានរងនៅអូឡាំពិក ពីការលក់ម៉ាស់ អាល់កុល សារធាតុសម្លាប់មេរោគ លក់ក្នុងតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់ដែលអាចទទួលយកបាន ។ 

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន  បានព្រមានប្រើកណ្ដាប់ ដៃដែក បិទឱសថស្ថាន និងរឹបអូសយក  ម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែល នៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈដែលប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់​កូវីដ -១៩ ដែលកំពុងរីករាលដាល ។

សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងឈាន ដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើ​អ្នកឯងនៅតែបន្ដឡើងថ្លៃ ទៅរឹបអូសយក​តែម្ដង ដាក់បញ្ជារឹបអូសតែម្ដង។ កុំឲ្យវា​រកសុីតទៅទៀត ហើយបិទឱសថស្ថាន​ចោលតែម្ដង។ ទម្លាក់ថ្លៃទាន់ពេលដែល​រដ្ឋាភិបាលប្រើកណ្ដាប់ដៃដែក បិទលើក​នេះបិទមិនឲ្យអ្នកឯងរកសុី មិនត្រឹមតែ​ដកម៉ាស់ទេ បិទមិនឲ្យរកសុីមួយជីវិតដើម្បីឲ្យរាងចាល» ។

គួរជម្រាបថា បន្ទាប់ពីផ្ទុះការរីករាល  ដាលជំងឺកូវីដ-១៩ ហើយតម្រូវឲ្យប្រជា ពលរដ្ឋប្រើប្រាស់ម៉ាស់ ដើម្បីពាក់ការពារ នោះ ស្រាប់តែតម្លៃម៉ាស់ ដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហាក់ មានការកើនឡើងយ៉ាងខ្លាំង ដោយតម្លៃ ធម្មតា ប្រមាណ៣ដុល្លារមួយប្រអប់ (៥០ ម៉ាស់) បានកើនដល់រង្វង់២០ដុល្លារក្នុង  មួយប្រអប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here