ភ្នំពេញ ៖  ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានប្រើកណ្ដាប់ ដៃដែក បិទឱសថស្ថាន និងរឹបអូសយក  ម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែល នៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈដែលប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់​កូវីដ -១៩ ដែលកំពុងរីករាលដាល។

សារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួប  សំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រ  ចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបំពេញបេសកកម្ម ជា​មួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជា​មួយ ជំងឺកូវីដ-១៩។ ជំនួបនេះ ត្រូវបាន​ធ្វើឡើង នៅវិមានសន្ដិភាព។

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់ពីចាត់វិធានការរឹបអូសម៉ាស់ដែលកំពុងដាក់លក់នោះហើយ សមត្ថកិច្ចនឹងឈានទៅដល់ការបិទឱសថស្ថាន មិនឲ្យដំណើរការជារៀងរហូត ដើម្បី​ឲ្យរាងចាលដែលចំណុចនេះសម្ដេចកំពុង  សិក្សាផ្លូវច្បាប់ និងឈានទៅអនុវត្តតែម្ដង ។

សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងឈាន ដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើ​អ្នកឯងនៅតែបន្ដឡើងថ្លៃ ទៅរឹបអូសយក​តែម្ដង ដាក់បញ្ជារឹបអូសតែម្ដង ។ កុំឲ្យវា​រកសុីតទៅទៀត ហើយបិទឱសថស្ថាន​ចោលតែម្ដង។ ទម្លាក់ថ្លៃទាន់ពេលដែល​រដ្ឋាភិបាលប្រើកណ្ដាប់ដៃដែក បិទលើក​នេះបិទមិនឲ្យអ្នកឯងរកសុី មិនត្រឹមតែ​ដកម៉ាស់ទេ បិទមិនឲ្យរកសុីមួយជីវិតដើម្បីឲ្យរាងចាល»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ស្រាវជ្រាវ និងពិនិត្យជាបន្ទាន់ទៅលើ   ឱសថស្ថានទាំងឡាយណាដែលលក់ ម៉ាស់ ឡើងថ្លៃហួសហេតុ និងពិនិត្យរាល់ករណីដែលប្រជាពលរដ្ឋរាយការណ៍។ វិធានការនេះ សម្ដេចបានចាត់ទុកថា      ដោយសារណែនាំទៅម្ចាស់ទីតាំងមិន   ស្ដាប់ ទើបប្រើចំណាត់ការនេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ក្រុមការងារបក្សប្រជាជនកម្ពុជា និងសមាជិកសភា ឲ្យទិញ ក្រមា ម៉ាស់ចែកជូនប្រជាពលរដ្ឋ និងត្រូវ ផ្សព្វផ្សាយសាររួមគ្នា ដើម្បីការពារ និងទប់ ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហើយអំឡុងពេល នេះ សូមប្រជាពលរដ្ឋកុំចេញពីផ្ទះប្រសិនមិនមានការចាំបាច់។

គួរជម្រាបថា បន្ទាប់ពីផ្ទុះការរីករាល  ដាលជំងឺកូវីដ-១៩ ហើយតម្រូវឲ្យប្រជា ពលរដ្ឋប្រើប្រាស់ម៉ាស់ ដើម្បីពាក់ការពារ នោះ ស្រាប់តែតម្លៃម៉ាស់ ដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហាក់ មានការកើនឡើងយ៉ាងខ្លាំង ដោយតម្លៃ ធម្មតា ប្រមាណ៣ដុល្លារមួយប្រអប់ (៥០ ម៉ាស់) បានកើនដល់រង្វង់២០ដុល្លារក្នុង  មួយប្រអប់។

សូមរំលឹកថា គិតរហូតមកដល់ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជា  បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ ៦នាក់ បានជាសះស្បើយផងដែរ ដែល មានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស ១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ នេះ បើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here