តន់ ច័ន្ទសីម៉ា ពីក្មេងស្រីស្មូត តាមវត្ត ក្លាយជាកំពូលតារាចម្រៀង ចាប់ដៃគូជាមួយ លោក ព្រាប សុវត្ថិ

ភ្នំពេញ ៖ បន្ទាប់បានវិវត្តខ្លួនមកជា តារា ចម្រៀង អាជីពពេញលេញ ក្រោយ បានចុះកុងត្រា ផលិតកម្ម Galaxy Navatra ជីវិតថ្មី របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើ ឲ្យនាង ផ្លាស់ប្ដូរ១៨០ដឺគ្រេ យ៉ាងលឿនបំផុត។ អតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ ក្មេងស្រីម្នាក់នេះ មិនធ្លាប់គិតឡើយថា អាចក្លាយខ្លួនជាតារា ចម្រៀងល្បីហើយ អាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។

កញ្ញា តន់ ច័ន្ទសីម៉ា គឺជាក្មេង មាននិស្ស័យសិល្បៈ ទាំងពីកំណើត នាងមានកំណើតមកពីខេត្តតាកែវ ដែលមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។ នាងជាកូនទី៣ ក្នុងចំណោម៤នាក់ សុទ្ធតែស្រី។ សីម៉ា មាននិស្ស័យលើសិល្បៈតន្ត្រីតាំងពីតូចៗមក ពោលគឺតាំងពីនាងទើបមានអាយុ៥ឆ្នាំម្ល៉េះ។ នាងថា “ខ្ញុំចេះច្រៀងតាំងពីអាយុ៥ឆ្នាំម៉េស បងនិយាយទៅស្រឡាញ់ខ្លាំងហ្មង អារឿងច្រៀងរាំអីហ្នឹង!”។

កាលនៅសិក្សានៅឯស្រុកកំណើតនាងធ្លាប់ជា សិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ។ ដោយសារនិស្ស័យសិល្បៈដុះដាល ក្នុងចិត្តតាំងពីនាយ បែបនេះ ផ្សំនឹង ការសិក្សាបញ្ចប់ ថ្នាក់ទី១២ផង សីម៉ា ក៏បានសម្រេចចិត្តចាកចោលភូមិ ស្រុក ឡើងមកបន្តការសិក្សានៅ ភ្នំពេញ នាដើមឆ្នាំ២០១៧ ក្នុងដែលពេលនោះ នាងទើបមានអាយុ១៧ ឆ្នាំ។

តារាចម្រៀង តូចច្រឡឹងប្រាប់ថា នៅលើដីក្រុង គឺមានតែនាងម្នាក់ឯងគ្មានគ្រួសារសាច់ញាតិ អ្វីដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយរឿងត្រូវធ្វើគឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាងក៏មិនជាធូរធារដែរ។ ស្ថានភាពនេះសីម៉ា ប្រាប់ថា សំអាងលើទេពកោសល្យសិល្បៈចម្រៀង របស់នាង នាងក៏ចេញរកការងារធ្វើហើយចាត់ ជាភ័ព្វល្អនៅខ្ទង់ពាក់កណ្ដាលឆ្នាំ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះជីវិតតស៊ូជាអ្នករៀនផង ធ្វើការផងក៏បានចាប់ផ្ដើម។

ចូលច្រៀងក្នុងហាងខាងលើនោះ សីម៉ា ត្រូវបានថៅកែផ្ដល់ប្រាក់ខែ៤៥០ដុល្លារ ក្នុង១ខែ។ ចំនួននេះតារាស្រីលើកឡើងថា សមល្មមនឹងអាចឲ្យនាងរស់បានណាស់ទៅហើយ ហើយរឹតតែសប្បាយចិត្តទៅទៀតព្រោះនាង មិនដែលសង្ឃឹមថា សមត្ថភាពច្រៀងរបស់នាងដែលធ្វើទៅតាមនិស្ស័យសោះ អាចឲ្យនាងរកចំណូលបានគួរសម សម្រាប់ផ្គត់ផ្គង់ខ្លួន ឯងនិងផ្គត់ផ្គង់ការសិក្សាថែមទៀត។

ក្រោយពីច្រៀងនៅក្នុងហាងបានមួយរយៈធំ នាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យ ប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក រៀបចំដោយ ទូរទស្សន៍ មួយក្នុង ស្រុកនៅឆ្នាំ២០១៨។

ចុងក្រោយបំផុតនាងក៏ត្រូវបានផលិតកម្ម Galaxy ហៅចូលធ្វើជាតារាចម្រៀង កុងត្រា កាលពីដើមឆ្នាំ២០១៩។ នៅក្នុងផលិតកម្មនេះ តារាចម្រៀងវ័យ២២ឆ្នាំមាន បទជាច្រើន បានចេញលើទីផ្សារ សុទ្ធជាបទ ពេញនិយម ដូចជាបទ “មិនស្មោះស្រឡាញ់រកងាប់អី” “យល់ច្រឡំគេស្រឡាញ់យើង” “គេនោះជាស្រីកាប់ដាវ”បទ” ដណ្ដឹងអូនទៅ”បទ ”ចង់សុំWifi “និង បទ “ឡានស៊ីរ៉ែន” ជាដើម។

និយាយពី views បទចម្រៀង របស់ តន់ ចន្ទសីម៉ា វាពិត ជាមិនគួរឲ្យជឿ ដែលតារាចម្រៀង វ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំ វ៉ាដាច់គេ ទាំងអស់ មានអ្នកចូលទស្សនា សរុបរហូតដល់ទៅ5០០M។ នេះបើតាមការបង្ហាញឲ្យដឹងពី ផលិតកម្ម Galaxy Navatra។ ផ្អែកតាមរបាយការណ៍ ពីនោះអាចនិយាយបាន ថា តន់ ចន្ទសីម៉ា គឺជាកំពូលតារា ចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនា ច្រើនជាងគេនៅកម្ពុជា នៅឆ្នាំ២០២០ កន្លងទៅ នេះ។

នៅថ្ងៃនេះ ផលិតកម្ម Galaxy Navatra បានឲ្យនាង ច្រៀងចាប់ដៃគូជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ ការចាប់ដៃគូគ្នានេះមិនមែនជារឿងចៃដន្យនោះឡើយ ទាំង នេះ ដោយសារតែសមត្ថភាព របស់នាងជាហេតុផលនាំឲ្យនាងអាចមានឱកាសច្រៀងជាដៃគូ លោក ព្រាប សុវត្ថិ បង្កើតអាល់ប៊ុមថ្មី។ អាល់ប៊ុមដំបូងរបស់អ្នកទាំងពីរមានចំណងជើងថា “កាត់ ឆុង” ទើបនឹងចេញនេះតែម្ដង។

ចង់ដឹងថាបទ “កាត់ឆុង” មានអត្ថន័យនឹងទឹកដមយ៉ាងណា តោះ…ទស្សនានិងស្ដាប់បទទាំងអស់គ្នា៖