គួរយល់​ដឹង! តើអាហារ​ប្រភេទណា​ ដែល​ងាយ​នឹង​មាន​ប្រតិកម្ម​នឹង​ថ្នាំ​

ចំណេះដឹងទូទៅ៖បើតាមការអះអាងពីអ្នកជំនាញខាងថ្នាំពេទ្យបានបញ្ជាក់ថា អាហារដែលយើងញ៉ាំរាល់ដងអាចនឹងមានរំខានដល់ថ្នាំដែលអ្នកញ៉ាំដែរ ខណៈអ្នកជំងឺជាច្រើនប្រហែលជាមិនសម្គាល់ដឹងទេថា អាហារផ្តល់សុខភាពណាមួយអាចមានផលវិបាកធ្ងន់ធ្ងរនៅពេលញ៉ាំជាមួយនឹងថ្នាំ

អ្នកជំនាញបានបញ្ជាក់បន្ថែមថាជាពិសេសឱសថការីទាំងឡាយគួរតែសម្គាល់ផងទៅលើមុខងាររបស់ថ្នាំឱ្យបានច្បាស់លាស់ ជាពិសេសការប្រឈមនឹងប្រតិកម្មនានាជាមួយនឹងអាហារ ដោយមិនខ្វល់ថាថ្នាំនោះជាថ្នាំគ្មានវេជ្ជបញ្ជា មានវេជ្ជបញ្ជាឡើយ

តើថ្នាំ និងអាហារដែលមានប្រតិកម្មនឹងគ្នា ហើយមានគ្រោះថ្នាក់បំផុតមួយចំនួនដែលឱសថការីទាំងឡាយអាចជួយបង្ការបាននោះមានអ្វីខ្លះ​? តោះបើចង់ដឹងច្បាស់លោកអ្នកសូមអានព័ត៍មានលម្អិតមានដូចខាងក្រោម

អាហារសម្បូរកាល់ស្យូម និងថ្នាំផ្សះ

អាហារធ្វើពីទឹកដោះគោដូចជា ទឹកដោះគោ យ៉ាអួ និងហ្វ្រូម៉ាសសុទ្ធតែអាចរំខានដល់ថ្នាំបានច្រើនប្រភេទដូចជា ថ្នាំផ្សះប្រភេទTetracycline, Doxycycline និង Ciprofloxacin ជាដើម

ថ្នាំផ្សះទាំងនេះប្រហែលជាទៅតោងជាតិកាលស្យូមក្នុងទឹកដោះគោ ដើម្បីបង្កើតបានជាសារធាតុមិនរលាយក្នុងក្រពះ និងពោះវៀនតូចផ្នែកខាងលើ ហើយរាងកាយក៏មិនអាចបឺតស្រូបយកទៅប្រើប្រាស់បានដែរ

អាហារត្រាំ និងថ្នាំជំងឺផ្លូវចិត្តប្រភេទ MAIOs

អាហារប្រភេទនេះផ្ទុកទៅដោយសារធាតុ Tyramine ដែលមានជាប់ទាក់ទងនឹងការបង្កើនសម្ពាធឈាមយ៉ាងគ្រោះថ្នាក់មួយលើអ្នកជំងឺប្រើថ្នាំជំងឺផ្លូវចិត្ត Monoamine Oxidase Inhibitors (MAIOs) និងថ្នាំសម្រាប់អ្នកជំងឺ Parkinson’s Disease​

អាហារសម្បូរវីតាមីន K និងថ្នាំ Warfarin

ឱសថការីទាំងឡាយគួរតែពិគ្រោះជាមួយអ្នកជំងឺដែលកំពុងតែប្រើថ្នាំ Warfarin ដើម្បីថែរក្សាជំងឺឱ្យចៀសវាងការញ៉ាំអាហារណាសម្បូរវីតាមីន K ដូចជាស្ពៃស្ពីណា និងន្លៃពណ៌បៃតងផ្សេងទៀត

វីតាមីន K មានសារៈសំខាន់ណាស់សម្រាប់ការផលិតសារធាតុកំណកឈាមដើម្បីកុំឱ្យហូរឈាម ប៉ុន្តែថ្នាំប្រឆាំងការកកឈាមដូចជាWarfarin បែរជាមានឥទ្ធិពលផ្ទុយគ្នានឹងវីតាមីន K ទៅវិញ ដូច្នេះការបង្កើនការញ៉ាំអាហារសម្បូរជីវជាតិមួយនេះពិតជាមិនល្អចំពោះឥទ្ធិពលរបស់ថ្នាំ Warfarin ឡើយ

គ្រឿងស្រវឹង និងថ្នាំរំញោចមានវេជ្ជបញ្ជា

អ្នកជំងឺគួរតែកុំលេបថ្នាំជាមួយគ្រឿងស្រវឹងឡើយ ព្រោះវាអាចនឹងមានប្រតិកម្មមួយចំនួនធ្ងន់ធ្ងរកើតឡើង ឧទាហរណ៍ ការប្រើថ្នាំរំញោចជាមួយនឹងការផឹកស្រាអាចបណ្តាលឱ្យអ្នកជំងឺពុលបាន រឿងនេះកើតឡើងពិតជាពិសេសនៅពេលថ្នាំនេះត្រូវបានគេប្រើប្រាស់ច្រើន ប៉ុន្តែវាក៏អាចកើតឡើងនៅពេលអ្នកជំងឺប្រើថ្នាំទៅតាមវេជ្ជបញ្ជាដែរ

ទឹកផ្លែក្រូចខ្វិច និងក្រូចខ្វិចជាមួយថ្នាំ Statins

អ្នកជំងឺគួរតែចៀសវាងការញ៉ាំក្រូចខ្វិច ទឹករបស់វាខណៈពេលកំពុងតែប្រើថ្នាំ Statins​ សមាសធាតុក្នុងផ្លែក្រូចខ្វិចឈ្មោះថាFuranocoumarin អាចនឹងធ្វើឱ្យកើនឡើងឥទ្ធិពលរបស់ថ្នាំបានតាមរយៈការមានប្រតិកម្មជាមួយអង់ស៊ីមក្នុងពោះវៀនតូច និងថ្លើម