អ្នកចូលចិត្តញុំការ៉េមត្រូវប្រុងប្រយ័ត្ន! ព្រោះសូម្បីតែការ៉េម ក៏មានដានវីរុសកូវីដ១៩ដែរ
អន្តរជាតិ៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail នាពេលថ្មីៗនេះ បាននិយាយថា អាជ្ញាធរសុខាភិបាលចិន បន្ទាប់ពីធ្វើតេស្តការ៉េមជិត ៥ ពាន់ប្រអប់ ស្រាប់តែរកឃើញថាមានដានវីរុសកូវីដ១៩ ខណៈដែរសំណាកចំនួន ៣ប្រអប់ដែលបង្ហាញថា ការ៉េមមានផ្ទុកនូវវីរុសនេះ នៅក្នុងទីក្រុងធានជីន ភាគខាងជើងនៃប្រទេសចិន។
អាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់បន្ថែមថា ការ៉េមទាំងអស់នោះគឺជាផលិតផលក្នុងស្រុក មានចំនួនជាក់ស្តែង ៤,៨៣៦ ប្រអប់ ហើយនៅក្នុងនោះមាន៖ ការ៉េម ចំនួន ២,០៨៩ ត្រូវបានគេរក្សាទុកនៅក្នុងស្តុក ការ៉េមចំនួន ១,៨១២ ប្រអប់ត្រូវបានចែកចាយទៅកាន់ផ្សារចំនួន៩៣៥ កន្លែងនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសចិន និងការ៉េមចំនួន ៦៥ ប្រអប់ទៀតត្រូវបានលក់ឲ្យទៅកាន់អតិថិជនរួចរាល់ហើយ។
សូមជម្រាបថា អាជ្ញាធរចិន បន្ទាប់ពីការកឃើញភ្លាមៗ បានសម្រេចឲ្យបុគ្គលិកដែលបានធ្វើការងារពាក់ព័ន្ធជាមួយនឹងការផលិតផល និងចែកចាយការ៉េមចំនួន ១,៦៦២នាក់ ត្រូវផ្អាកពីការងារជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័កនិងទៅធ្វើតេស្តរកមេរោគ។
ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានអំពាវនាវឲ្យពលរដ្ឋដែលបានទិញ ឬប៉ះពាល់ការ៉េមទាំងនេះត្រូវទៅធ្វើតេស្តរកជំងឺកូវីដ ១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការចម្លងមេរោគបន្តទៅក្នុងសហគមន៍ក្នុងករណីដែលពួកគេបានឆ្លងជំងឺកូវីដ ១៩តាមរយៈការ៉េមទាំងនោះ៕
រូបភាព៖ឯកសារ