រកឃើញបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ដែលរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក វិញហើយ

ភ្នំពេញ៖ បើយោងតាមការបង្ហើបពីសមត្ថកិច្ច មុននេះបន្តិច បានអោយដឹងថា, នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១  សមត្ថកិច្ចបានរកឃើញបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ រត់ចេញពីទីតាំងធ្វើចត្តាឡីស័ក វិញហើយ ដោយពេលនេះ បាននាំខ្លួនគាត់ទៅធ្វើចត្តាឡីស័ក សាជាថ្មី និង យកវត្ថុសំណាកតេស្ត ផងដែរ ។ 

សូមបញ្ជាក់ថា, ការរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក មិនគួរប្រព្រឹត្តបែបនេះសោះ ខណៈក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ ណែនាំ ពន្យល់ ហើយអាជ្ញាធរ សមត្ថកិច្ច ប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។

អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ ។ គាត់បានហូបអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហាររួចតែម្តង។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរនិងសមត្ថកិច្ច មេត្តារឹតបន្តឹងចំពោះកន្លែង ធ្វើចត្តាឡីស័ក ជៀងវាងការធ្វេសប្រហែស បណ្ដាលឱ្យបុគ្គលខ្លះរត់ចេញ ទាំងមិនទាន់អនុវត្តបានគ្រប់១៤ ថ្ងៃ៕