ទោះបីជាមានបញ្ជាពីថ្នាក់ដឹកនាំ អោយបង្ក្រាបល្បែងស៊ីងក្នុងមូលដ្ឋាន ប៉ុន្តែទីតាំងហ្គេមបាញ់ត្រីនៅសង្កាត់ចាក់អង្រែលើ កំពុងបើកលេងដដែល

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវវិធានការណ៍ដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទោះក្នុងរូបភាពអ្វីក៏ដោយដើម្បីធានាបានមកវិញនៅសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។ ក្នុងនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវមានវិធានការបង្ក្រាបល្បែងស៊ីសង។

ប៉ុន្តែទោះជាមានបទបញ្ជាពីថ្នាក់លើយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីកំពុងបើកលេងដោយសេរី ហើយទីតាំងនោះស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ផ្លូវច្រកចូលជាប់ផ្ទះធ្វើម៉ូតូយីហោមករាអតីតកាហ្វេឱរា) ហើយការបើកលេងនេះគ្មានការរំខានដល់អាជ្ញាមូលដ្ឋានក៏ដូចសមត្ថកិច្ចពាក់ព័ន្ធឡើយ។ ទោះជាមាការបំភ្លឹយ៉ាងណាក៏ដោយ ជាក់ស្តែង ទីតាំងហ្គេមបាញ់ត្រីនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបើកលេងដដែល។

លោក ជា រតនា មេប៉ុស្តិ៍ចាក់អង្រែលើ បានឲ្យដឹងតាមទូរស័ព្ទថា “២-៣ថ្ងៃមុន ខ្ញុំចុះទៅជាក់ស្តែងគឺទីតាំងនេះបានបិទ”។ ចុះនៅពេលនេះកំពុងបើកលេងតើបងមានចំណាត់ការបែបណា? លោកមេប៉ុស្តិ៍ក៏បិទទូរស័ព្ទ។ ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថា លោក ជា រតនា មេប៉ុស្តិ៍ចាក់អង្រែលើ ទើបតែឡើងកាន់តំណែងមិនទាន់បានមួយឆ្នាំផង តែល្បែងស៊ីសងមានច្រើនណាស់។

ចំណែក លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងតាមទូរស័ព្ទថា ឲ្យតែបើកខ្ញុំចុះទៅចាប់ឥឡូវ? ហើយនៅពេលសួរបន្តទៀត ពេលនេះកំពុងបើកលេង តើបងមានចំណាត់ការបែបណា?លោកអធិការមានប្រសាសន៍ថាកំពុងជាប់ប្រជុំក៏បិទទូរស័ព្ទ។

សូមបញ្ជាក់ថាកន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ក៌បានដាក់បទបញ្ជាដល់គណ:អភិបាលខណ្ឌត្រូវធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ ផ្ទុយទៅវិញទីតាំងហ្គេមបាញ់ត្រីនៅចាក់អង្រែលើនេះនៅបើកលេងប្រៀបបានផ្គើននឹងបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង គណ:អភិបាលរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋសុំសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ជួយមានវិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនេះផង៕