អគ្គីភ័យឆក់យកជីវិតទារកទើបកើត ១០នាក់​ ក្រោយភ្លើងឆេះមន្ទីរពេទ្យមួយនៅឥណ្ឌា

ឥណ្ឌា៖ យ៉ាងហោចណាស់ទារក ១០នាក់បានបាត់បង់ជីវិត ក្នុងករណីគ្រោះអគ្គីភ័យមួយបានឆាបឆេះ បន្ទប់គាំពារមាតា និងទារកស្ថិតនៅក្នុងមន្ទីរពេទ្យមួយនៃរដ្ឋ មហារាស្ត្រា (Maharashtra) របស់ប្រទេសឥណ្ឌា បណ្ដាលឲ្យនៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងញូដេលី)

បើយោងតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យខាងលើនេះ បានប្រាប់សារព័ត៌មាន AFP នារសៀលថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១នេះថា៖ ក្រុមគ្រូពេទ្យបានប្រឹងប្រែងជួយសង្គ្រោះ ទារកដែលទើបនឹងកើតបានចំនួន ០៧នាក់ ប៉ុន្តែទារក ១០នាក់ទៀតមិនត្រូវបានជួយសង្គ្រោះទាន់ពេលឡើយ ព្រោះតែអគ្គីភ័យមានស្ថានភាពអាក្រក់ខ្លាំងពេក។

វេជ្ជបណ្ឌិត បានអះអាងបន្ថែមថា ចំពោះទារកដែលបាត់បង់ជីវិតទាំងនោះ ខ្លះមានអាយុទើបពីរបីថ្ងៃ និងខ្លះទៀតមានអាយុដល់ ០៣ខែ។

ដោយឡែកមូលហេតុដែលបានបង្កទៅជាគ្រោះអគ្គីភ័យខាងលើនេះ អាជ្ញាធរមូលដ្ឋានមិនទាន់បញ្ជាក់នៅឡើយទេ។ ប៉ុន្តែបើតាមបុគ្គលិកពេទ្យដែលបានឃើញហេតុការណ៍ដំបូងនោះ បានអះអាងថា ពួកគេបានឃើញផ្សែងហុយមុនគេ ចេញពីបន្ទប់រក្សាទារកដែលទើបនឹងកើត។

គួរបញ្ជាក់ដែរថា បើតាមការអះអាងពីក្រុមគ្រូពេទ្យឥណ្ឌា បានបញ្ជាក់ថា ទារកភាគច្រើនបានបាត់បង់ជីវិត ដោយសារឈ្លក់ផ្សែង៕