ស្តេច​ប្រដាល់​ហ្វីលីពីន ប្រកាស​ផ្តល់​១​ម៉ឺន​ដុល្លារ ដល់​អ្នក​ចាប់​ជនសង្ស័យ​ដែលសម្លាប់​បាហុនិកា Dacera

ប្រទេសហ្វីលីពីន៖​ Manny Pacquiao ដែលជាស្តេចប្រដាល់ហ្វីលីពីនបានប្រកាសជាសាធារណៈផ្តល់ប្រាក់រង្វាន់ដល់អ្នកដែលអាចចាប់ឃាតករ និងបក្សពួកដែលពាក់ព័ន្ធការស្លាប់បាហុនិកា Christine Angelica Dacera នៅក្នុងបន្ទប់សណ្ឋាគារមួយ

សូមជម្រាបថា​ Christine Angelica Dacera វ័យ២៣ឆ្នាំ ជាបាហុនិកាតាមយន្តហោះ និងជាអតីតបវរកញ្ញាមួយរូប នាងបានចូលរួមក្នុងពិធីជប់លៀងមួយជាមួយមិត្តភក្តិនៅក្នុងក្រុង Makati ប្រទេសហ្វីលីពីន នាពិធីអបអរឆ្នាំថ្មី ឆ្នាំ២០២០ ឈានចូល ២០២១ នារាត្រីនោះហើយនាងត្រូវបានប្រទះឃើញសន្លប់ស្តូកស្តឹងក្នុងអាងងូតទឹកនៃបន្ទប់សណ្ឋាគារមួយ ដែលក្រោយមក ត្រូវបានប្រកាសថាស្លាប់ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ

ដោយឡែកស្តេចប្រដាល់ហ្វីលីពីន​ Pacquiao ដែលទើបក្លាយជាប្រធានគណបក្សកាន់អំណាចហ្វីលីពីន PDP-Laban បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា លោកនឹងផ្តល់ប្រាក់ជាង ៧៥០០ ផោន (​ជាងមួយម៉ឺនដុល្លារអាមេរិក​) សម្រាប់អ្នកណាដែលអាចស្វែងរកជនដៃដល់ចំនួនរូបដែលមិនទាន់បានចាប់ខ្លួន អ្នកពាក់ព័ន្ធបីនាក់ ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ

បេីតាមរយៈស្ថានីយ៍វិទ្យុ DZRH កំពូលអ្នកប្រដាល់អាស៊ីវ័យ៤២ឆ្នាំរូបនេះអះអាងថា «​ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ម៉ឺនដុល្លារដល់អ្នកដែលចាប់ជនសង្ស័យបាន​»​

គួរបញ្ជាក់ដែរថាមិនត្រឹមតែ Pacquiao ឡើយដែលឈឺឆ្អាលពីរឿងដ៏ឃោឃៅនេះ ពលរដ្ឋ រួមទាំងតារាល្បីៗនៅហ្វីលីពីនដទៃទៀតក៏បានរួមគ្នាបង្កើតចលនាទាមទាររកយុត្តិធម៌ជូនដល់នាង Christine Angelica Dacera ផងដែរ