ការផ្ទេរអំណាចប្រធានាធិបតីអាមេរិក​ មានភាពចលាចល​ ត្រូវបានសហភាពអឺរ៉ុប​ អំពាវនាវឲ្យមានការផ្ទេរដោយសន្តិវិធី

អន្តរជាតិ៖​ ប្រធានគណៈកម្មការសហភាពអឺរ៉ុប (European Commission) លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) នៅយប់ថ្ងៃពុធ (ពេលវេលានៅព្រុចសែល) បានអំពាវនាវឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី នៅសហរដ្ឋអាមេរិក បន្ទាប់ពីបាតុកម្មអុកឡុកវិមានសភាអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានផ្ទុះឡើងដ៏ហិង្សាបំផុត។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២០បានដកស្រង់សម្តីរបស់លោកស្រីប្រធានគណៈកម្មការអឺរ៉ុប ដោយលើកឡើងយ៉ាងដូច្នេះថា៖ «ការផ្ទេរអំណាចដោយសន្តិវិធី គឺជាស្នូលលោក ចូ បៃដិន បានឈ្នះឆ្នោតហើយ» ការថ្លែងរបស់លោកស្រី Leyen បែបនេះបានកើតមានឡើង ក្រោយពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ហៅការធ្វើបាតុកម្មអុកឡុកសភាអាមេរិកនោះថាជា «ឈុតឆាកដ៏គួរឲ្យស្អប់ខ្ពើម»

សូមជម្រាបថាក្រោយភាពចលាចលដែលបានកើតឡើង ដោយសារតែការបដិសេធមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតរបស់ខ្លួន លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យក្រុមអ្នកគាំទ្ររបស់លោក ដកថយចេញពីអគារសភាត្រលប់ទៅផ្ទះវិញហើយ រីឯសភាអាមេរិកក៏បានចាប់ផ្ដើមដំណើរការ សម័យប្រជុំឡើងវិញផងដែរ។ នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ មនុស្សម្នាក់បានបាត់បង់ជីវិត ខណៈទីភ្នាក់ងារ FBI បានអះអាងថា ខ្លួនបានទប់ស្កាត់ជនសង្ស័យពីរនាក់ ដែលគ្រោងប្រើគ្រឿងផ្ទុះ។

ជាក់ស្តែងនៅថ្ងៃពុធសប្ដាហ៍នេះ ភាពចលាចលបានបង្ខំឱ្យសភាអាមេរិកផ្អាកសម័យប្រជុំរបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងគោលបំណងទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី ៤៦។

ដោយឡែកជាការឆ្លើយតបទៅនឹងភាពចលាចល ក្នុងសហរដ្ឋអាមេរិកនេះត្រូវបានមេដឹកនាំពិភពលោកក្នុងនោះរួមមាន៖បារាំង កាណាដានិងអង់គ្លេសជាដើម បានអំពាវនាវឱ្យមានសន្តិភាព និងការផ្ទេរអំណាចដោយសន្តិវិធី ហើយពួកគេថែមទាំងចាត់ទុកផងដែរថា អ្វីដែលបាននិងកំពុងកើតឡើងនៅឯអគារសភាអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រន្ធត់ និងជាការវាយប្រហារលើប្រជាធិបតេយ្យ៕