ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានប្រើកណ្ដាប់ដៃដែក បិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែលនៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាល។

សារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់ចាត់វិធានការរឹបអូសម៉ាស់ដែលកំពុងដាក់លក់នោះហើយ សមត្ថកិច្ចនឹងឈានទៅដល់ការបិទឱសថស្ថាន មិនឲ្យដំណើរការជារៀងរហូត ដើម្បីឲ្យរៀងចាលដែលចំណុចនេះសម្ដេចកំពុងសិក្សាផ្លូវច្បាប់ និងឈានទៅអនុវត្តតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងឈានដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើអ្នកឯងនៅតែបន្ដឡើងថ្លៃ ទៅរឹបអូសយកតែម្ដង ដាក់បញ្ជារឹបអូសតែម្ដង។ កុំឲ្យវាយកស៉ីតទៅទៀត ហើយបិទឱសថស្ថានចោលតែម្ដង។ ទម្លាក់ថ្លៃទាន់ពេលដែលរដ្ឋាភិបាលប្រើកណ្ដាប់ដៃដែក បិទលើកនេះបិទមិនឲ្យអ្នកឯងរកស៉ី មិនត្រឹមតែដកម៉ាស់ទេ បិទមិនឲ្យរកស៉ីមួយជីវិតដើម្បីឲ្យរាងចាល»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ស្រាវជ្រាវ និងពិនិត្យជាបន្ទាន់ទៅលើឱសថស្ថានទាំងឡាយណាដែលលក់ម៉ាស់ ឡើងថ្លៃហួសហេតុ និងពិនិត្យរាល់ករណីដែលប្រជាពលរដ្ឋរាយការណ៍។ វិធានការនេះ សម្ដេចបានចាត់ទុកថា ដោយសារណែនាំទៅម្ចាស់ទីតាំងមិនស្ដាប់ ទើបប្រើចំណាត់ការនេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ក្រុមការងារបក្សប្រជាជនកម្ពុជា និងសមាជិកសភា ឲ្យទិញក្រមា ម៉ាស់ចែកជូនប្រជាពលរដ្ឋ និងត្រូវផ្សព្វផ្សាយសាររួមគ្នា ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លង COVID-19 នៅក្នុងប្រទេសកម្ពុជា ហើយអំឡុងពេលនេះ សូមប្រជាពលរដ្ឋកុំចេញពីផ្ទះប្រសិនមិនមានករណីចាំបាច់។ គួរជម្រាបថា បន្ទាប់ពីផ្ទុះការរីករាលដាលជំងឺ COVID-19 ហើយតម្រូវឲ្យប្រជាពលរដ្ឋប្រើប្រាស់ម៉ាស់ ដើម្បីពាក់ការពារនោះ ស្រាប់តែតម្លៃម៉ាស់ ដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហាក់មានការកើនឡើងយ៉ាងខ្លាំង ដោយតម្លៃធម្មតា ប្រមាណ៣ដុល្លារមួយប្រអប់ (៥០ម៉ាស់) បានកើនដល់រង្វង់២០ដុល្លារក្នុងមួយប្រអប់។

សូមរំលឹកថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here