ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជំនាញលួចស្លាកលេខរថយន្តយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ សហការជាមួយនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន រួមទាំងដកហូតវត្ថុតាងជាក់ស្តែង មានស្លាកលេខរថយន្តចំនួន១២សន្លឹក ។

 លោកវរសេនីយឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាចោរជំនាញលួចស្លាកលេខរថយន្តខាងលើនេះ បន្ទាប់ពីជនរងគ្រោះបានប្តឹងមកកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០​ ថាមានករណីបាត់ស្លាកលេខរថយន្ត ភ្លាមនោះកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារចាស់ បានបើកការស្រាវជ្រាវលើមុខសញ្ញាលួចស្លាកលេខរថយន្ត កិច្ចប្រតិបត្តិការនេះ បានបន្តតាមច្បាមរហូតដល់វេលាម៉ោង ០០និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែមីនានេះ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ សៅ​ វណ្ណា  ភេទប្រុស​ អាយុ៣៨​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលគ្មានលេខ​ ភូមិ3​ សង្កាត់ផ្សារចាស់ ​ខណ្ឌដូនពេញ ។

លោកអធិការខណ្ឌបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញ បានចាប់យកវត្ថុតាងរួមមាន៖ ១.ស្លាកលេខរថយន្ត​ចំនួន៦គូ​ ស្មេីរ​និង១២សន្លឹក​ ដែលមានលេខ​ដូចជា៖​ ភ្នំពេញ​ 2AR-4712  ចំនួន០២សន្លឹក ,​ ភ្នំពេញ​ 2AR:0509 ចំនួន០២សន្លឹក ,​ ភ្នំពេញ​ 2AB:6207 ចំនួន០២សន្លឹក , ភ្នំពេញ​ 2AS:2485 ចំនួន០២សន្លឹក , ភ្នំពេញ​ 2AU:6487 ចំនួន០២សន្លឹក , ភ្នំពេញ​ 2BA:2430 ចំនួន០២សន្លឹក ។ ឧបករណ៏សម្រាប់កាចសោរកុងតា.កម៉ូតូចំនួន១ ។ សោសម្រាប់ដោះ(ទួលវ៉ីស)ស្លាកលេខរថយន្តចំនួន​ ៥ដេីម ។ ​កាបូបខ្មៅ​សម្រាប់ដាក់ស្លាកលេខចំនួន១ ។

ក្រោយពីបានប្រើប្រាស់វិធានការជំនាញសួរជាន់យកចម្លើយ ជនសង្ស័យខាងលើបានសារភាពថាខ្លួនមានបក្ខពួកចំនួន០២នាក់ នឹងតែងធ្វើសកម្មភាពលួចស្លាកលេខរថយន្តនេះ តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញបានចំនួន៤លេីក សរុបបានស្លាកលេខចំនួន៨សន្លឹក​ រួមមាន៖ លេីកទី​១ កាលពីថ្ងៃទី២០.០៣.២០២០​ វេលាម៉ោង០០ និង១០នាទី​ ចំណុចស្តុប​ដេអិន​ ខណ្ឌ៧មករា​ លួចបាន​ស្លាកលេខរថយន្ត​Toyota Tacoma​ ភ្នំពេញ2AU:6487 ។ លេីកទី២​ កាលពីថ្ងៃទី២១.០៣.២០២០​ វេលាម៉ោង០១និង៣០នាទី​ ត្រងចំណុច​ មុខវត្តមង្គលវន្ត​ សង្កាត់មនោរម្យ​ ខណ្ឌ៧មករា​ លួចបានស្លាកលេខរថយន្ត​Toyota PRIUS ។ លេីកទី៣​ ថ្ងៃទី២២.០៣.២០២០​ ចំណុច​ក្រោយពេទ្យកុមារ​ជាតិ​ ខណ្ឌទួលគោក​ លួចបានស្លាកលេខរថយន្ត​ ម៉ាក​ហាយឡែនឌ័រ ។ និងលេីកទី៤​ ថ្ងៃទី២៣.០៣.២០២០​ ចំណុច​ក្រោយមន្ទីរពេទ្យលោកសង្ឃ​ ខណ្ឌទួលគោក​ លួចបានស្លាកលេខរថយន្តម៉ាក​ Toyota Prius ។ ដោយឡែកស្លាកលេខចំនួន០២គូរទៀត ជារបស់បក្ខពួកខ្លួនធ្វើសកម្មភាពកន្លងមកផ្តល់អោយខ្លួនទុកយកទៅលក់ ។

បច្ចុប្បន្ននៅចំពោះមុខកម្លាំងជំនាញ​ខណ្ឌ និងប៉ុស្តិ៍កំពុងប្រេីប្រាស់វិធានការសួរយកចម្លើយ បន្តស្រាវជ្រាវរកបក្ខពួក​ និងអ្នកទទួលទិញផលចោរកម្ម ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី ច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here